ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឌូកបើកវ៉ាជែងរថយន្ដមិនផុតជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូម៉ាកឌូកមួយគ្រឿង បើកបន្ថែមល្បឿនជែងរថយន្ដបើកនៅខាងមុខមិនផុត បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ប្រើប៊ិច បើកច្រាស់ទិសគ្នា បណ្ដាលឲ្យដួលធ្វើឲ្យម៉ូតូហុងដាប្រើប៊ិចខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធ្វើឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ ៣៨០ ស្ថិតក្នុងភូមិតាជោ ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯម បានឲ្យដឹងថា ម៉ូតូបង្កម៉ាកឌូក ពណ៌សរលាយខ្មៅ គ្មនស្លាកលេខ បើកបរដោយឈ្មោះ ឯម សំអូន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (របួសស្រាល) ។ ចំណែកភាគីម៉ូតូ២គ្រឿងទៀតម៉ាកហុងដាឌ្រីម ប្រើប៊ិច ធុនសេ១១០ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-7978 បើកបរដោយឈ្មោះ អូន ខួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (របួសធ្ងន់) និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-0315 បើកបរដោយឈ្មោះ សៀង សុង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល (របួសស្រាល) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ រុណ ឌីណា ភេទប្រុស អាយុ៣ឆ្នាំ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកឌូកមួយគ្រឿង បើកតាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីលិចទៅកើត លុះមកជិតដល់ចំណុចកើតហេតុ ម៉ូតូខាងលើ បានបន្ថែមល្បឿន ជែងរថយន្ដនៅខាងមុខ តែវ៉ាមិនផុត ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ប្រើប៊ិច ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូម៉ាកហុងដាប្រើប៊ិចដួលខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម បណ្ដាលឲ្យអ្នកបើកបរម៉ូតូហុងដាប្រើប៊ិច រងរបួសធ្ងន់ រីឯមនុស្ស៣នាក់ទៀតជាអ្នកបើកបរម៉ូតូឌូក និងហុងដាឌ្រីម ធុន១២៥រងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកម៉ូតូ៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកឌូក បើកបរជែងក្នុងស្ថានភាពគ្រោះ និងមានល្បឿនលឿន ទើបបានជាកើតមានរឿងហេតុបែបនេះ ៕ ស្ឣាងជ័យ


ចែករំលែក៖