ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ក្រសួងអប់រំ ចេញមុខបដិសេធ អ្នកដែលយកឈ្មោះលោក ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មេីសច្បាប់តាមអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា លោក ស សុខា នៅថ្ងៃទី៧ ខែតុលា នេះ ចេញមុខបដិសេធនិងថ្កោលទោសចំពោះអ្នកដែលយកឈ្មោះលោក ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មេីសច្បាប់តាមអនឡាញ ។

លោក ស សុខា សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក ថា ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់តាមអនឡាញខុសច្បាប់ប្រកបដោយប្រសិទ្ធភាព ថ្មីៗនេះ មានលេចឮជនខិលខូចមួយចំនួនបានយកឈ្មោះបុគ្គលនេះបុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូច បង្កើតពាក្យចចាមអារ៉ាមលាបពណ៌មកលើរូបខ្ញុំ ( ស សុខា ) ថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់នេះ-នោះ មួយចំណែកដែរ។

លោក បន្តថា ទី១. ការចោទប្រកាន់ និងពាក្យចចាមអារ៉ាមខាងលើនេះ គឺជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ខ្លួន បង្អាក់បន្ទុចការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។ នេះគឺជាបទល្មេីសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស! និងទី២. ការបង្កេីតពាក្យចចាមអារ៉ាមពីជនអគតិមួយចំនួននោះ គឺជាការលាបពណ៌ក្នុងចរិតព័ត៌មានក្លែងក្លាយ(fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ក្នុងបំណងយកចំណេញរឿងអ្វីមួយ និងបំពុលសង្គមតែប៉ុណ្ណោះ។ នេះមិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេ គឺជាបទល្មេីសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស។

លោក ស សុខា សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត។

ជាថ្មីម្តងទៀត លោក ស សុខា សូមលេីកទឹកចិត្ត គាំទ្រ និងស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទប់ស្កាត់ និងអនុវត្តច្បាប់តាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកុំខ្វល់ថា ជានរណា ឬកូននរណា ចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ ដូចដែលប៉ុន្មានថ្ងៃមុន លោកធ្លាប់បានផ្ញើសារមួយអន្លើរួចមកហើយ ៕ចេស្តា

 


ចែករំលែក៖