ខេត្តស្វាយរៀង៖ មន្ត្រីសុខាភិបាលខេត្តស្វាយរៀងបានចុះពិនិត្យស្ថានភាពជាក់ស្តែង អ្នកជំងឺដែលពុលអាហារនៅ KTV «ហ្វាងថាងលាំងហ្វាន់ស័រ» នៅគ្លីនិកមួយកន្លែង នៅក្រុងបាវិត ប៉ុន្តែការងារនេះបានបរាជ័យទៅវិញ ដោយសារតែអាជ្ញាធរក្រុងបាវិត មិនសហការ និងឆ្លើយបន្តាក់គ្នាដូចខ្ចងចំណែកខាង KTV វិញថា មិនទាន់ដល់ម៉ោងចូលធ្វើការ ហើយក៏គ្មានអ្នកបកប្រែផងដែរ។
ការចុះពិនិត្យរកមូលហេតុ ដែលនាំឲ្យមានករណីពុលអាហារ នៅខារ៉ាអូខេ នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០១៩ស្ថិតក្នុងក្រុងបាវិតខេត្តស្វាយរៀង។
បើតាមក្រុមគ្រូពេទ្យដែលមកពិនិត្យអំពីករណីពុលអាហារនៅ KTV បានថ្លែងឲ្យដឹងថា ការចុះមកពិនិត្យរកមូលហេតុ ដែលនាំឲ្យពុលអាហារនៅ KTV ជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាវិត មិនបានទទួលលទ្ធផលនោះទេ ដោយគ្មានអ្នកចូលរួម ទើបមន្ត្រីបានដកថយទៅវិញរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ។
ទោះបីយ៉ាងណាប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាវិត មិនសូវសហការជាមួយមន្ត្រីជំនាញនោះទេ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣៖៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ ហ្វាងថាងល៊ំាងហ្វាន់ស័រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីពុលមីបណ្តាឲ្យមនុស្សប្រុសស្រីរួមជាមួយជនជាតិចិន ២៤នាក់ បានក្អួត ចង្អោរ និងរាករុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកមួយកន្លែងនៅក្រុងបាវិតផងដែរ ៕ យឹម សុថាន