ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលពីរខែក្រោយ ទើបអាជ្ញាធរខេត្តព្រះសីហនុរៀបចំរុះរើ​អគារកម្ពស់៩ជាន់​យីហោ ផ្ទះនាគ តាម​សំណើក្រសួងរៀបចំដែនដី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នីតិវិធីពិតជាស្មុគស្មាញ​ដែលតម្រូវឲ្យចាយពេលវេលាយូរ ក្នុងការ​កម្ទេចអគារ​កម្ពស់​៩ជាន់ នៅក្បែររង្វង់មូលតោពីរ ស្ថិតក្នុងក្រុងព្រះសីហនុ ។ គិតមកដល់ពេលនេះ គឺរយៈពេល​២ខែហើយ អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ខេត្ត រៀបចំ​កម្ទេច​អគារនោះជាបណ្តើរៗ ។ មន្ត្រី​ស្ថាប័នជំនាញមួយរូប​អះអាងថា មិនមែន​ថា កម្ទេចត្រូវ​កម្ទេចភ្លាមនោះទេ ពីព្រោះនីតិវិធី​មានវែងឆ្ងាយ ។ យ៉ាងណាក៏ដោយអគារនោះ​ត្រូវតែកម្ទេច​ទៅតាមការកំណត់​របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ ការយឺតយូរ ក៏ព្រោះតែមានបញ្ហាខាងនីតិវិធី ពោលគឺត្រូវពិនិត្យពិច័យ​ឲ្យបានច្បាស់លាស់ ។

គួរបញ្ជាក់ថា សំណង់អគារកម្ពស់៩ជាន់មួយកន្លែង មានទីតាំងស្ថិតនៅទល់មុខរង្វង់មូលតោ២ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនដែលបានសាងសង់រួចរាល់ និងបានប្រើប្រាស់ធ្វើអាជីវកម្មជាផ្លូវការទៅហើយនោះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឲ្យរុះរើចេញ បន្ទាប់ពីមន្ត្រីជំនាញរកឃើញថា អគារខាងលើនេះ ស្ថាបនាឡើងខុសបច្ចេកទេស និងគ្មានគុណភាព។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារមានកម្ពស់៩ជាន់ខាងលើដែលសាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.កនេះសាងសង់ឡើង ដោយគ្មានលិខិតអនុញ្ញាត និងគ្មាន លិខិតអនុញ្ញាតឲ្យបើកការដ្ឋានសាងសង់នោះទេ។ ចំពោះលទ្ធផល បន្ទាប់ពីមន្ត្រីជំនាញ បានចុះពិនិត្យដោយ យកចិត្តទុកដាក់បានរកឃើញថា សំណង់នេះ ទីតាំងជញ្ជាំងនិងឥដ្ឋការ៉ូ ក្នុងអាគារផ្នែកជាន់ខាងក្រោមរបស់អគារមួយចំនួនត្រូវបានប្រេះស្រាំ និងមានកន្លែងខ្លះស្រុត និងកំពុងបន្តស្រុត។

ក្រុមមន្ត្រីជំនាញក្រោយពីពិនិត្យ ឃើញថា អគារនេះសាងសង់ គ្មានគុណភាព និងអាចមានហានិភ័យ ដល់អាយុជីវិតមនុស្ស ដូចនេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ខេត្តព្រះសីហនុ បានស្នើទៅរដ្ឋបាលខេត្តសីហនុចាត់វិធានការផ្អាកការសាងសង់ជាបន្ទាន់ និងហាមស្នាក់នៅ ហាមប្រើប្រាស់សំណង់ អគារប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារនិងឲ្យមនុស្សចេញពីអគារទាំងអស់ តម្រូវឲ្យរុះរើអគារនេះចេញ ព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសទេ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់រហូតដល់មានការចាត់ចែងរួចរាល់។

គួរបញ្ជាក់ផងដែរថា បើតាមការបង្ហើបប្រាប់ឲ្យដឹង ពីមន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុ ក្រៅពីអគារកម្ពស់៩ជាន់(យីហោផ្ទះនាគ)ខាងលើនេះ ក៏នៅមានអគារជាច្រើនផ្សេងទៀត មិនតិចជាង៤០កន្លែងនោះទេ ដែលមន្ត្រីជំនាញរកឃើញថា សាងសង់ គ្មានច្បាប់អនុញ្ញាត និង មិនមានគុណភាព ហើយបច្ចុប្បន្ន សំណង់ អគារទាំងនោះ ត្រូវបានមន្ត្រីជំនាញធ្វើការផ្អាកជាបណ្ដោះអាសន្នហើយ ដោយមិនអនុញ្ញាតឲ្យធ្វើការសាងបន្តទៀត គឺ រង់ចាំ ការចុះពិនិត្យជាក់ស្តែងបន្ថែមទៀត ហើយជុំវិញព័ត៌មានលំអិត នៃសំណង់គ្មានច្បាប់អនុញ្ញាតទាំងអស់ខាងលើ មិនត្រូវបានប្រាប់ឲ្យដឹង នោះឡើយ តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខេត្តព្រះសីហនុសង្ឃឹមថា មន្ត្រីជំនាញ នឹងអនុវត្តតាមនីតិវិធី នៃច្បាប់ និងបច្ចេកទេសសំណង់ ដើម្បីការពារ សុវត្ថិភាពទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ កុំឲ្យមានបញ្ហាដូចការបាក់ស្រុត ដូចអគារ៧ជាន់ ដែលបានបង្កឲ្យមានមនុស្សរបួសនិងស្លាប់ជាង៥០នាក់បន្តទៀត៕ ហេង សូរិយា


ចែករំលែក៖