កំពង់ចម្លងកាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សុទ្ធតែមានតម្លៃមួយម៉ឺនប្រាំពាន់រៀលសម្រាប់រថយន្តមួយគ្រឿង និងពេលយប់ចាប់ពីម៉ោង៦ទៅ ថ្លៃ៤ម៉ឺនរៀល ឬ១០ដុល្លារសហរដ្ឋអាមេរិក ។ គេមិនដឹងថា តើលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានជ្រាបរឿងនេះដែរឬយ៉ាងណានោះទេ ហើយគិតថា វាជាតម្លៃសមរម្យ ឬក៏ថ្លៃពេក? បើតាមថៅកែកំពង់ចម្លងអះអាងដូចៗគ្នាថា តម្លៃនោះគឺកំណត់ដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាអ្នកកំណត់ ។ ដូច្នេះ អាចនិយាយបានថា ការកំណត់បែបនេះ ថ្លៃបន្តិចហើយ ។
អ្នកដំណើរទាំងឡាយដែលឆ្លងកាត់កំពង់ចម្លងភូមិថ្មី-ខ្ញូង ស្ថិតក្នុងស្រុកកំពង់សៀម ទៅស្រុកកោះសូទិន ខេត្តកំពង់ចាម អះអាងថា តម្លៃនៃការឆ្លងស្រឡាងសម្រាប់រថយន្តមួយគ្រឿងរហូតដល់១ម៉ឺន៥ពាន់រៀលនោះ ដូចជាថ្លៃបន្តិចហើយ ជាពិសេសនៅពេលយប់ ចាប់ពីម៉ោង៦ទៅ តម្លៃ៤ម៉ឹនរៀល ។ ជាងនេះទៅទៀត ការយកថ្លៃ១ម៉ឺន៥ពាន់រៀល ឬ៤ម៉ឺនរៀល មិនមានសំបុត្រត្រឹមត្រូវនោះឡើយ ។ ការកំណត់តម្លៃ ឬការទារលុយ ពីម្ចាស់យានយន្តឆ្លងកំពង់ចម្លងទាំងឡាយ កាត់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម អាស្រ័យទៅលើបបូរមាត់ថៅកែកំពង់ចម្លងប៉ុណ្ណោះ ។ នៅឯកំពង់ចម្លងពាមជីកង ម្តងម្កាល ម្ចាស់រថយន្តអះអាងថា គេយក២ម៉ឺនរៀលសម្រាប់រថយន្តមួយគ្រឿង ព្រោះដោយសារទន្លេនៅម្តុំនោះវាធំ ទម្រាំដល់ត្រើយចំណាយពេលយូរ និងអស់ប្រេងសាំងច្រើន ។
គេមិនដឹងថា តើករណីនៃការយកតម្លៃឆ្លងស្រេចតែបបូរមាត់នេះ មានជ្រាបដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ឬមួយក៏មានការដេញថ្លៃត្រឹមត្រូវយ៉ាងណានោះទេរវាងថៅកែកំពង់ចម្លង នឹងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ត ។ បើតាមការកត់សម្គាល់ គេសង្កេតឃើញថា ថៅកែកំពង់ចម្លងមុខដដែល ហាក់ដូចជាមិនមានការដេញថ្លៃត្រឹមត្រូវនោះទេ ។ ហេតុដូច្នេះហើយ បានជាតម្លៃនៃការឆ្លងតាមកំពង់ចម្លងនានាស្រេចតែបបូរមាត់របស់ថៅកែកំពង់ចម្លងប៉ុណ្ណោះ ។ ករណីនេះ លោកអភិបាលខេត្តកំពង់ចាម មេត្តាពិនិត្យឡើងវិញផង ៕