ខេត្តព្រះសីហនុ៖ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី និងលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពន្លឿនក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹក សាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុងព្រះសីហនុ ចៅសង្កាត់លេខ១ ។
លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ បានមានប្រសាសន៍ថា ដោយសារតែក្រុមការងាររបស់យើងមានបទពិសោធន៍ ចុះទៅដល់គោលដៅនិមួយៗចាប់ផ្តើមការងារ ក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោយធ្វើការបែងចែកក្រុមការងារជាពីរក្រុម ដើម្បីឲ្យក្រុមការងារនិមួយៗចុះបោះបង្គោលបានលឿន រលូនតាមការគ្រោងទុក ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការបោះបង្គោល ដើម្បីឲ្យក្រុមការងារបច្ចេកទេសចាប់ផ្តើមដំណើរការបានលឿន ។ ក្រុមការងារនិមួយត្រូវមានឡានស្ទូចមួយគ្រឿង ដើម្បីជួយសម្រួលការងារលើកដាក់បង្គោល ។ សុំឲ្យក្រុមការងារបច្ចេកទេសស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ យើងមានវិធានការពីរ ទី១ បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឲ្យចុះបញ្ជី បើគាត់មិនរើរបងដែលលយចូលដីរដ្ឋចេញ ទិី២ សូមធ្វើក្រុមការងារសម្រង់ឲ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំណឹងឲ្យគាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមការងារបច្ចេក ទេស យើងអាចឈានទៅលប់បណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឲ្យមានការបំពាន លើដីរដ្ឋបន្តទៀត ៕ ឆ្លាម សមុទ្រ