ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយបើករថយន្តបុកនាយទាហានម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រសួងការពារជាតិម្នាក់ ដែលមានឋានន្តរស័ក្កិវរសេនីយ៍ទោ(ស័ក្តិ៤កន្លះ) បានដេកស្លាប់នៅកណ្ដាលផ្លូវក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយបានបន្សុលទុកកូនស្រីចំនួន៣នាក់ ឲ្យរស់នៅក្នុងបន្ទុកម្តាយ ខណៈដែលធ្វើដំណើរតាមផ្លូវទៅប្រចាំការនៅឯវិមានឈ្នះឈ្នះ ក៏បានជួបនឹងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកទឹកកកមួយគ្រឿង បើកគៀរបុកពីក្រោយពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចមុខវត្តអង្គក្រពើ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនបង្កហេតុដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ប៊ន វិន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅភូមិចំបក់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាម ។ ចំណែកជនរងគ្រោះឈ្មោះ ណៃ នី ភេទប្រុស អាយុ៤២ឆ្នាំ មានឋានន្តរស័ក្កិ វរៈសេនីយ៍ទោ បំរើការងារនៅក្រសួងការពារជាតិ ស្នាក់នៅភូមិកៅ សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ (ស្លាប់) ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-9703 បានធ្វើដំណើរពីត្បូងទៅជើង ខណៈពេលធ្វើដំណើរមកដល់ចំណុចមុខវត្តអង្គក្រពើ ក៏ឃើញរថយន្តបង្ក មួយគ្រឿងប្រភេទដឹកទឹកកក ម៉ាកហ៊ឺយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3164 ធ្វើដំណើរស្របទិសគ្នា បានបើកមកគៀរនិងបុកពីក្រោយ ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលអូសជាង៣០ម៉ែត្រ រងរបួសធ្ងន់រហូតដល់ស្លាប់នៅនឹងកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែង យករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធឿនព្រែកជ័យ


ចែករំលែក៖