ខេត្តសៀមរាប៖ ស្ទាវ២នាក់ ត្រូវបាននគរបាល សង្កាត់ជ្រាវ ឃាត់ខ្លួន បន្ទាប់ពីបានឆក់កាបូបបានសម្រេចរួមមក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង១០នាទីនៅចំណុច ខាងត្បូងការ៉ាសសាំង ភូមិខ្នារ សង្កាតជ្រាវ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១ ឈ្មោះ ហេង ភៈរុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ ២. ឈ្មោះ គីម លឿង ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធ និងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។ ករណី (ឆក់កាបូប )បង្កឡើងដោយជនសង្ស័យខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងកុងទ័រ ដែលមានលេខតួលេខ និងលេខម៉ាស៊ីន ៥៤០៤៩០១ បានធ្វើសកម្មភាពឆក់កាបូបប្រាក់ ពណ៌ផ្កាឈូក ពីជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ។
ក្នុងកាបូបមា ន ១. ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល ។ ២. ទូរសព្ទម៉ាក oppo A71k ។៣. ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ ។ ៤. កងដៃ ផ្លាកទីន ចំនួន ០២កង ។ ៥.ចិញ្ចៀនមួយវង់ (ផ្លាកទីន) ដាំត្បូង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីរបាន ធ្វើសកម្មភាព រួច ក៏ជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី ក្នុងភូមិខាងលើ ហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ម៉ូតូរបស់ជនសង្ស័យបានរលត់ ត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាត រួមទាំង ប្រជាពលរដ្ឋ នៅក្បែរនោះចាប់បានតែម្ដង។
ជនសង្ស័យបានសារភាពថាខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះពិតមែន រីឯជនសង្ស័យឈ្មោះហេង ភៈរុណ ហៅយក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤.០០នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដោយសមត្ថកិច្ចក៏បានទទួលបណ្តឹងពីជនរងគ្រោះរួចផងដែរ។
បច្ចុប្បន្ន ជនសង្ស័យកសាងសំណុំរឿង តាមនីតិវិធីបញ្ជូន ទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី