ខេត្តប៉ៃលិន ៖ ស្ត្រីចំណាស់ម្នាក់លើដៃសំពះរួចឈរយំ និងពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំជើង ជាច្រើនបាននាំគ្នាហួសចិត្ត នឹកអាណិតអាសូរដល់អ្នកមីង ជាស្រ្តីមេម៉ាយក្រខ្សត់ម្នាក់ ស្ទើរខ្លោចផ្សារក្នុងចិត្ត ខណ:ដីជាង១ហិកតា ដែលគាត់ខំកាប់ឆ្កាព្រៃជាមួយប្តីរហូតស្រឡះល្អ បែរជាត្រូវក្រុមឈ្មួញយកទៅលក់ឲ្យអ្នកមានលុយ(ឧកញ៉ា) បានប្រាក់រាប់សែនដុល្លារ តែមិនចេញថ្លៃសំណងឲ្យគាត់សូម្បីតែ១រយរៀលនោះឡើយ ។ ពេលនេះ គាត់មានតែឈរយំលើកដៃសំពះ ស្រែកប្រាប់លោកា និងសុំអង្វរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយអន្តរាគមន៍ ។
ហេតុការណ៍ ស្រ្តីមេម៉ាយក្រខ្សត់ម្នាក់ ឈរយំនៅក្បែរដី ដែលខ្លួនធ្លាប់អាស្រ័យផល បានកើតឡើង កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ស្ត្រីមេម៉ាយដែលក្រុមឈ្មួញយកដីលក់ឲ្យក្រុមហ៊ុនឯកជន(ឧកញ៉ា) មាន ឈ្មោះ ឡុង នឿន អាយុ៥៥ឆ្នាំ ជាស្រី្តមេម៉ាយក្រខ្សត់ មានជម្ងឺប្រចាំកាយ ត្រូវប្តីស្លាប់ចោលកាលពី៨ឆ្នាំមុន មានកូន៦នាក់ ប្រុស៣ ស្រី៣ រស់ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បច្ចុប្បន្ន គាត់ទុកផ្ទះខ្ទមដ៏តូចកំសត់មួយខ្នងនេះ ឲ្យកូនៗ ស្នាក់នៅ រីឯខ្លួនគាត់សុខចិត្តទៅសុំវត្តព្រះសង្ឃ (វត្តសារវណ្ណ) ក្បែរនោះ ដើម្បីស្នាក់អាស្រ័យបណ្តោះអាសន្ន ទម្រាំតែអស់ជីវិតនៅលើផែនដី ។
បើតាមប្រភពព័ត៌មានពីស្រ្តីមេម៉ាយទុរគ៌តខាងលើ បាននិយាយទាំងអួលដើមក និងហូរទឹកភ្នែកហូររហាម រៀបរាប់ឲ្យភ្នាក់ងារយើងដឹងថា មានឈ្មួញកណ្តាលរកស៊ីដី១ក្រុម ដែលគាត់ស្គាល់បុរសម្នាក់ ឈ្មោះ ឈីវ វ៉ាន់សែត រស់ក្នុងខេត្តប៉ៃលិន បានឃុបឃិតគ្នាជាមួយអ្នកមានអំណាចក្នុងខេត្តប៉ៃលិន មួយចំនួន លួចធ្វើប្លង់ដីរបស់គាត់ រួចយកទៅលក់ឲ្យក្រុមហ៊ុនឯកជន (ឧកញ៉ាម្នាក់ ឈ្មោះ ហេង ហាក់ម៉ុង) រស់នៅរាជធានីភ្នំពេញ ក្នុងតម្លៃរាប់សែនដុល្លារឯណោះ ដោយបន្ទាប់ពីទ ទួលបានប្រាក់មក ពួកគេមិនបានចេញថ្លៃសំណងឲ្យគាត់ សូម្បីតែមួយរយរៀលនោះឡើយ ។
គួរឲ្យអនិច្ចារខ្លោចចិត្តពន់ពេក ដោយសង្កេតឃើញ គាត់យំបណ្តើរលើកដៃសំពះបណ្តើរសុំក្តីសន្តោសជួយអន្តរាគមន៍ ខណ:នឹកស្តាយស្រណោះដីដែលខ្លួនធ្លាប់អាស្រ័យផល សម្រាប់ចិញ្ចឹមជីវិតម្តាយនិងកូនៗ ដោយគាត់បន្តឲ្យដឹងទៀតថា ក្រោយមកកាលពីប៉ុន្មានខែនេះ ខាងឧកញ៉ា បានហ៊ុំព័ទ្ធរបងស័ង្កសីយ៉ាងរឹងមាំជិតឈឹងអស់រលីងទៅហើយ គ្មានសង្ឃឹមអ្វីទៀតទេ គឺមិនអាចឲ្យគាត់ចូលទៅបង្កបង្កើតផលដាំបន្លែ ល្ពៅ ពោត ត្រសក់ សម្រាប់បេះលក់យកលុយទិញអង្ករច្រកឆ្នាំងដូចមុនទៀតបា នឡើយ ។
អ្នកមីង ឡុង នឿន បានរៀបរាប់ពីប្រវត្តិទុក្ខលំបាករបស់ខ្លួន ឲ្យភ្នាក់ងារយើងដឹងដែរថា គាត់បានដាំបន្លែលក់ បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមកូនចៅ ដោយទូលនឹងកញ្ច្រែងដើរលក់ត្រុកៗ តាំងពីដើមរហូតដល់ចុងភូមិ ពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ មិនបានបាយចូលពោះសូម្បី១គ្រាប់នោះឡើយ ទាល់តែលក់ដាច់បានប្រាក់ ទើបយកទៅទិញអង្ករដាំបាយហូបជួបជុំគ្រួសារ ។ ប៉ុន្តែ រហូតមកដល់ពេលនេះ គាត់គ្មានសល់អ្វីទៀតទេ លែងមានការដាំដុះទៀតហើយ ព្រោះគេយកស័ង្ក សីទៅហ៊ុំព័ទ្ធធ្វើជារបងជិតអស់រលីង ។
អ្នកមីងបានអះអាងទៀតថា ដីនៅចំណុចខាងលើ គឺគាត់និងប្តី (កាលនៅរស់) បាននាំគ្នាកាប់ឆ្កាព្រៃតាំងពីឆ្នាំ២០០៧-២០០៨មកម្លេះ ហើយក៏បានដាំដំណាំផ្សេងៗ ជាច្រើន ដូចជាខ្នុរ ស្វាយ និងបន្លែជាច្រើនមុខ ដើម្បីបេះលក់ បានប្រាក់ចិញ្ចិមកូនទាំង៦នាក់ តែត្រូវបានគេឈូសឆាយខ្ទេចខ្ទីអស់ សូម្បីតែផ្នូរខ្មោចប្តីរបស់គាត់នៅក្នុងដីចម្ការនេះ ក៏ត្រូវឈូសខ្ទេចអស់ដែរ ។ អ្នកមីងបន្ថែមថា តាំងពីគេយកដីគាត់លក់ គាត់មិនបានបន្តទៅដាំដុះនៅកន្លែងនោះទៀតទេ ព្រោះត្រូវបានគេហាមឃាត់ ហើយគាត់និងកូនៗ មានតែដើរធ្វើកម្មករ ស៊ីឈ្នួលគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ។
អ្នកមីងក៏សុំអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត គឺឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងសម្តេចតេជោ ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ និងដោះស្រាយជូនគាត់ផង ព្រោះដីខាងលើនេះ គាត់បានកាន់កាប់ជិតជាង១០ឆ្នាំមកហើយ ។ ម្យ៉ាងវិញទៀត ជីវភាពក្រីក្រលំបាកតោកយ៉ាកវេទនា ដោយមានជម្ងឺប្រចាំកាយមិនអាចធ្វើការធ្ងន់អ្វីបាននោះទេ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ប៉ាង គឹមអេង ជំទប់ទី១ ឃុំស្ទឹងកាច់ លោក ព្រាប សារុន មេភូមិផ្សារព្រំជើង បានឲ្យដឹងដូចៗ គ្នាថា ដីខាងលើ ពិតជាដីរបស់ស្រ្តី ឈ្មោះ ឡុង នឿន កាន់កាប់ ពីមុនប្រាកដមែន ព្រោះគាត់បានឆ្កាព្រៃ និងអាស្រ័យផល តាំងពីយូរណាស់មកហើយ តែដល់ពេលដីឡើងថ្លៃ មានការលក់ដូរ ប្រហែលជាគាត់ធ្វើការដោះដូរជាមួយឈ្មួញយ៉ាងណានោះ ខាងលោកក៏មិនសូវបានដឹងច្បាស់នោះដែរ ។
ចំណែកលោក ឈីវ វ៉ាន់សែត ជាឈ្មួញកណ្តាល ដែលរៀបចំដីខាងលើនេះលក់ ភ្នាក់ងារយើងបានទាក់ទងសួរនាំ ដើម្បីបំភ្លឺជាច្រើនដងដែរ តែខាងលោកបានបិទទូរស័ព្ទ មិនអាចទាក់ទងបានទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារយើង បានទាក់ទងទៅលោកឧកញ្ញ៉ា ហេង ហាក់ម៉ុង ដើម្បីបំភ្លឺចំពោះបញ្ហានេះដែរ ដោយលោកបានរៀបរាប់ឲ្យដឹងថា ខាងក្រុមហ៊ុនលោក បានទិញដីខាងលើ តាមឯកសារដែលឈ្មួញ និងអាជ្ញាធរខេត្តរៀបចំជូនប៉ុណ្ណោះ ហើយក៏បានប្រគល់ប្រាក់ឲ្យម្ចាស់ដីដែលជាប់ពាក់ព័ន្ធទាំងអស់នោះ រួចរាល់អស់ហើយដែរ ។ លោកបន្តទៀតថា ចំណែក មានអ្នកមកអះអាងថា មានគេយកដីរបស់ខ្លួនលក់ តែមិនទាន់បានទទួលប្រាក់ថ្លៃដីនោះ សូមឲ្យខាងលោក ឈីវ វ៉ាន់សែត ធ្វើការដោះស្រាយជាមួយនឹងប្រជាពលរដ្ឋទាំងនោះទៅ ចំណែកខាងលោកមិនដឹងរឿងអ្វីនោះទេ ។
សូមបញ្ជាក់ថា នៅចំណុចដីភ្នំ២០០ ក្រោយកាស៊ីណូម្កុដពេជ្រ ដែលគេបានយកស័ង្កសីទៅហ៊ុំព័ទ្ធជុំវិញ មានចំនួនជាង២៣ហិកតា កំពុងតែមានបញ្ហាចម្រូងចម្រាសជាមួយប្រជាពលរដ្ឋមួយចំនួនទៀត ខណ:គេយកដីនេះលក់ឲ្យឈ្មួញ តែមិនចេញថ្លៃសំណងដល់ម្ចាស់កាន់កាប់អាស្រ័យផល ហើយនៅលើភ្នំនេះ ក៏មានបន្ទាយយោធាការពារព្រំដែនផងដែរ៕ ស សារ៉េត