ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឲ្យ អាជ្ញាធរខណ្ឌ និងមន្ទីរ ក្រុមហ៊ុនពាក់ព័ន្ធចូលរួមថែទាំ និងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារ និងដើមឈើ នៅរាជធានីឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ មន្ទីរ និងក្រុម ហ៊ុនពាក់ព័ន្ធចូលរួមថែទាំ និងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារ និងដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងមានភាពទាក់ ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ។

លោក ឃួង ស្រេងបានជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ មន្ទីរសាធារណៈការ កាលពីល្ងាចថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥ ៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះស្ដីពីការគ្រប់គ្រង ជួសជុល និងថែទាំភ្លើងបំភ្លឺសាធារណៈ និងក្រុមហ៊ុន PPD E&C និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចូលរួមថែទាំ ជួសជុល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈ និងការថែទាំដើមឈើសួនច្បារ សាធារណៈ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញរបស់យើងមានវិសាលភាពកាន់តែធំ ដោយយើងបានកាត់សង្កាត់មួយចំនួនពីខេត្តកណ្តាល ។ ដូច្នេះទេការបំរើសេវាជូនប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ ដូចជាការតំឡើងភ្លើងបំភ្លឺសា ធារណៈជាដើម ហើយបញ្ហានេះប្រជាពលរដ្ឋតែងតែបានលើកឡើងជាសំណើរ និងសំណូមពរ នៅក្នុងវេទិកាសាធារណៈ ដោយអោយអាជ្ញាធររបស់យើងជួយដាក់ភ្លើងបំភ្លឺសាធារណៈនៅតាមភូមិដ្ឋានរបស់ពួកគាត់ ។ លើបញ្ហានេះយើង បានគិតគូរ និងបានដាក់ភ្លើងបំភ្លឺសាធារណៈជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ច្រើនហើយដែរ បើទោះបីមិនបាន១០០ភាគរយក្តី ពោលគឺយើងអនុវត្តទៅលទ្ធភាពដែលយើងមាន ។ មានន័យថា អ្វីដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផ្តល់ជូនភ្លាមតែម្តង ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ចូលរួមថែទាំ និងមើលការខុសត្រូវទៅលើភ្លើងបំភ្លឺសាធារណៈ ទៅលើសួនច្បារ និងដើមឈើជាដើម ពោលគឺកន្លែងណាដែលមាន ការខូចខាតត្រូវធ្វើជារបាយការណ៍ ឬរាយការណ៍ មកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុនពាក់ព័ន្ធដើម្បីធ្វើការជួសជុល និងកែលំអឡើងវិញ ។ ដូច្នេះទេការងារនេះ យើងត្រូវតែរួមគ្នាធ្វើដើម្បីឲ្យរាជធានីភ្នំពេញរបស់យើងមាន ភ្លើងបំភ្លឺសាធារណៈសួនច្បារ និងដើមឈើ គួរជា ទីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ៕ សំរិត


ចែករំលែក៖