ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ដែលរស់នៅដ្ឋក្នុងបុរីវិមានភ្នំពេញ កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីសុខសុវត្ថិភាពគាត់ខំទិញផ្ទះក្នុងបុរីវិមានភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ដោយបានបង់ប្រាក់ដល់សន្តិសុខក្នុងមួយខែ ចំនួន១០ដុល្លារ ដើម្បីយាមកាម២៤ម៉ោងលើ២៤ម៉ោង មិនតែប៉ុណ្ណោះមានទាំងដាក់បារ៉ាស់ផ្លូវ ចេញចូលយ៉ាងតឹងរឹងបំផុត ប៉ុន្តែនៅតែមានចោរចូលលួចបានទៀយ ហើយពេលជនរងគ្រោះ ទៅសួរនាំខាងក្រុមហ៊ុន បែបទទួលបានចម្លើយត្រឹមថា ចូលរួមសោកស្ដាយផង សូមឲ្យអ្នករស់នៅមានការប្រុងប្រយ័ត្ន ។
ប្រភពពលរដ្ឋដដែល បានឲ្យដឹងថា ករណីចោរលួចចូលក្នុងផ្ទះរបស់គាត់ គាស់យកទូរដែកក្នុងបុរីវិមានភ្នំពេញនេះ ខណៈដែលគាត់មិននៅផ្ទះ រវល់ទៅធ្វើបុណ្យស្រុកកំណើត កាលពីរដូវបុណ្យភ្ជុំបិណ្ឌកន្លងមកថ្មីៗនេះ ។ ដោយសម្ភារបាត់បង់រួមមាន៖ គ្រឿងអលង្ការ និងលុយកាក់មួយចំនួន សរុបទឹកប្រាក់ប្រហែលជាង ៣ម៉ឺនដុល្លារ ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាលច្រាំងចំរេះ២ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ តាមចាប់ជនសង្ស័យខាងលើនេះយកមកដាក់ទោសតាមច្បាប់ ៕អារុណរះ