ព័ត៌មានទាន់ហេតុការណ៍៖

ឃើញស្ងាត់ នាំគ្នាលួច​សែង​​ទ្វារ​ដែក​មួយ​ចំហៀង​បម្រុងគេចខ្លួន ​​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ស្រែក​​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូសណ្តោង​​រ៉ឺ​ម៉ក​អេ​ត​ចាយ​មួយគ្រឿង មកធ្វើសកម្មភាពលួច​សែង​​ទ្វារ​ដែក​មួយ​ចំហៀង​បម្រុងគេចខ្លួន តែ​​ត្រូវ​ម្ចាស់ផ្ទះចេញមក​ទាន់​ស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នា ​ដេញចាប់បានទាំង២នាក់ រួមនិងវត្ថុតាងជាក់ស្តែង ​ប្រគល់​ជូន​សមត្ថកិច្ចនគរបាលខណ្ឌចំការមន ។

ករណីលួចខាងលើនេះ កើតឡើងកាលពី​ម៉ោង​១២​និង​១៥​នាទី​រំលងអាធ្រាត្រឈានចូល ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ២០១៩ នៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ៤៣០ កែង​នឹង​ផ្លូវលេខ៤៧៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសម្នាក់ ជាអ្នកម៉ៅការ​សំណង់ផ្ទះ​ខាងលើនេះ បានឲ្យដឹងថា មុនពេល​កើតហេតុ គឺ​ពួក​គាត់​កំពុង​សម្រាក​នៅ​ក្នុងផ្ទះសុខ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​សណ្តោងរ៉ឺ​ម៉ក​អេ​ត​​ចាយ​មួយ​គ្រឿង​ ដោយធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវលេខ៤៣០​ ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​ផ្ទះ​កើតហេតុ ក៏​បានឈប់​ម៉ូតូ​ចោល​នៅ​មុខ​ផ្ទះ ហើយក៏​នាំ​គ្នា​លួច​ចូល​ទៅ​ក្នុងផ្ទះ​ធ្វើ​សកម្មភាព​សែង​យក​ទ្វាររបង​ដែក​មួយ​ចំហៀង ដែលពួកគាត់​បានដោះ​គរ​ទុក​នៅ​ចំហៀង​ផ្ទះ រួច​បម្រុង​សែង​ចេញ​យក​ទៅ​ដាក់​លើ​រ៉ឺ​ម៉ក​អេ​ត​ចាយ​របស់​ពួកគេ​ ។ ភ្លាមនោះ​ត្រូវ​ខាង​អ្នកធ្វើការ​នៅផ្ទះ​កន្លែង​កើតហេតុ ឃើញ​ទាន់​ក៏​បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចេញមក​ឃាត់ខ្លួនជនសង្ស័យ​បានទាំង២នាក់តែម្តង ​។

ក្រោយ​​កើតហេតុ ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ច​មូលដ្ឋាន ​ឃាត់ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​២ ដើម្បីសួរនាំ​បន្ត និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​តាម​ច្បាប់ ៕ស រស្មី


ចែករំលែក៖