ខេត្តបន្ទាយមានជ័យ៖ មនុស្ស ស្រី២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្តដួលខ្ទាតទៅលើទ្រូងផ្លូវ ត្រូវរថយន្ត១គ្រឿងផ្សេងទៀតជាន់ពីលើកាលពីវេលាម៉ោង១០និង៥៩នាទីព្រឹក ថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខវិទ្យាល័យស្រះត្រាច ស្ថិតក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកសួម នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍បានឲ្យដឹងថា៖ នៅមុនពេលកើងហេតុ មានរថយន្ត១គ្រឿងម៉ាក Toyotafortuner ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3065 បើកបរទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួនខាងលិចអនុវិទ្យាល័យស្រះត្រាចស្ថិតក្នុង ភូមិនិមិត្ត ៣សង្កាត់និមិត្តបានប្តូរគន្លងបត់ឆ្វេង ពេលបត់បានបន្តិច ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ125 ផលិតឆ្នាំ2005 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-1053 មានជិះគ្នា02 បើកបរពីទិសខាងកើតទៅទិសខាងលិចច្រាសទិសគ្នាបានបុកប៉ះចំផ្នែកខាងក្រោយស្ដាំរថយន្តខាងលើបណ្ដាលឱ្យដួលទៅលើទ្រូងផ្លូវស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាកតូយូតាស៊ីណា ពណ៏ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2 B-2005 បើកបរពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់បានបុកជាន់បន្ថែម ពីលើបណ្ដាលឱ្យអ្នកបើកបរ&អ្នករួមដំណើរស្លាប់0២ស្រី នៅនឹងកន្លែងកើតហេតុ ។
លោកបន្តថា ជនរងគ្រោះឈ្មោះផេប ភក្តី ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិនិមិត្ត៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាសិស្ស ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតអ្នករួមដំណើរឈ្មោះ ចាន់ ស៊ុកយ៉ាដា ភេទស្រីអាយុ១៧ឆ្នាំ ទីលំ នៅភូមិនិមិត្ត៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាសិស្ស ទាំង២នាក់ពុំមានពាក់មួកសុវត្ថិភាព ។
ចំណែកអ្នកបើកបររថយន្តម៉ាក Toyotafortuner ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3065 មិនត្រូវបានគេស្គាល់ឈ្មោះ រត់គេចខ្លួនបាត់ ឯអ្នកបើកបររថយន្តម៉ាកតូយូតាស៊ីណា ពណ៏ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2 B-2005 ឈ្មោះកើត រិទ្ធី ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្នអ្នកបើកបរ រថយន្តម៉ាកតូយូតាស៊ីណា ពណ៏ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2 B-2005 រួមទាំងវត្ថុតាង ត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែក ឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ នីមវណ្ណា