ព័ត៌មានទាន់ហេតុការណ៍៖

លោករ័ត្ន វិរៈ និងសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខមន្រ្តីល្បាតសហគមន៍ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដែលរងគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ + ខេត្តមណ្ឌលគិរី ៖ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក វឿន ប្រយុទ្ធ ម្ចាស់ភោជនីយដ្ឋានហីលថប (Hilltop Observatory & Resorts) និងលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខមន្រ្តីភ្នាក់ងារល្បាតសហគមន៍នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកយកទៅសម្រាកព្យាបាលរបួសភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ។

អញ្ជើញអមដំណើរឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងសប្បុរសជន លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ម្យ៉ាល សេន ជាភ្នាក់ងារល្បាតសហគមន៍ប្រចាំការនៅស្នាក់ការដេអេអូរច្បារ នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ខណៈវិលត្រលប់មកពីល្បាតជាមួយក្រុមការងារ។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ក្រុមការងារដែនជម្រកសត្វព្រៃភ្នំព្រេច បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតទាំងយប់ ដើម្បីព្យាបាលរបួស។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាលហើយអាចនិយាយបានបន្តិច។

លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏ដូចជាឯកឧត្ដម រ័ត្ន វិរៈ សូមថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងចុះមកសាកសួរសុខទុក្ខអ្នកជំងឺដោយផ្ទាល់៕ សុខខេមរា


ចែករំលែក៖