ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ២១នាក់ទៅតុលាកាករណីលួច រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២១នាក់ ដែលពាក់ព័ន្ធបទល្មើសករណីលួច រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ជនសង្ស័យខាងលើរួមមាន៖ ករណីទី១ លួច២រឿងមាន៥នាក់, ករណីទី២ រក្សាទុក២រឿង មាន៦នាក់ និងករណីទី៣ ប្រើប្រាស់គ្រឿងញៀន៥ករណី មានជនសង្ស័យ១០នាក់ ។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២១នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៤ ខែតុលា ។

ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសារធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបាន ទាន់ពេលវេលាផងដែរ ៕ ចន្ទ លីហ្សា


ចែករំលែក៖