ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីទាញដាវសាំម៉ូរ៉ៃគំរាមកាប់សម្លាប់បុរសម្នាក់ទៀត ព្រោះតែខឹងគេជិះម៉ូតូកាត់មុខបន្ទប់ជួល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ព្រឿង ប៉ុណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៣៣ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ចំណែកជនសង្ស័យឈ្មោះ សេន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិព្រៃបឹងសង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឌុបប្អូនថ្លៃទៅធ្វើការរោងចក្រ លុះពេលត្រឡប់មកវិញ ក៏បានជិះកាត់មុខបន្ទប់ជួលជនសង្ស័យភ្លាមនោះ ជនសង្ស័យក៏ចេញពីបន្ទប់រួចស្រែកចោទថា ជនរងគ្រោះជិះម៉ូតូបុកខ្លួន ។
សាក្សីបន្តថា បន្ទាប់មកក៏ស្រែកជជែកគ្នាក្រោយមកជនរងគ្រោះក៏ចូលក្នុងបន្ទប់រួចចាក់សោបន្ទប់ចាក់គន្លឹះខាងក្នុងបាត់ តែជនសង្ស័យបានរត់ចូលបន្ទប់ខ្លួនទាញដាវសាំម៉ូរ៉ៃមកធាក់ទ្វារជនរងគ្រោះគំរាមកាប់សម្លាប់ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍នគរបាលឃាត់ខ្លួនជនសង្ស័យយកមកសួរនាំភ្លាមៗតែម្តង ៕ សុខាសែនជ័យ