ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ដែលតែងតែរករឿងវាយដំប្រពន្ធកូនជាញឹកញាប់ ត្រូវសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួន ព្រោះតែជនសង្ស័យរូបនេះ ឃើញប្រពន្ធខ្លួនជួយការងារបន្ដិចបន្តួចរបស់ឪពុកម្ដាយ ក៏ខឹង យកដំបងឈើ វាយទៅលើប្រពន្ធ និងកូន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ឃើញដូច្នោះ ម្ដាយបង្កើតទៅជួយឃាត់ ក៏វាយម្ដាយមួយដៃចំមុខរងរបួសផងដែរ ។
ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ស៊ុន លីថូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ទី១/ឈ្មោះ ផេង វុទ្ធី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ (ត្រូវជាប្រពន្ធ) ទី២/ឈ្មោះ ឈុត ឈឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ (ជាម្តាយបង្កើត) និងទី៣/ឈ្មោះ ថូ ដារ៉ា ភេទប្រុស អាយុ១៣ខែ (ត្រូវជាកូន) របួសហើមជាំក្រោមភ្នែកខាងឆ្វេង១កន្លែង ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យឈ្មោះ ស៊ុន លីថូ តែងវាយដំប្រពន្ធ ,កូន និងម្ដាយបង្កើត ខ្លួនឯងជាញឹកញប់ ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ និងប្រពន្ធ បាននាំគ្នាមកលេងឪពុកម្តាយ ដែលនៅក្នុងឡឥដ្ឋ ដែលនៅជិតគ្នា ខណៈស្រ្ដីជាប្រពន្ធ ឃើញឪពុកម្ដាយក្មេក កំពុងគ្របឥដ្ឋ ក៏ដើរទៅជួយគ្រប ខណៈនោះស្រាប់តែជនសង្ស័យជាប្ដី ខឹងប្រពន្ធ រឿងទៅជួយគ្របឥដ្ឋឲ្យម្តាយ ក៏មានទំនាស់ជាមួយគ្នា ភ្លាមនោះជនសង្ស័យ បានយកអុសកៅស៊ូ វាយទៅលើប្រពន្ធ ត្រូវចំកដៃខាងឆ្វេង៣ដំបង និងវាយកូន អាយុ១៣ខែ ត្រូវចំមុខជាច្រើនដៃ បណ្តាលឲ្យមានរបួសស្នាម ឃើញដូចនោះ ស្រ្ដីជាម្ដាយឈ្មោះឈុត ឈឿន ត្រូវជាម្ដាយបង្កើតរបស់ជនសង្ស័យ បានមកជួយឃាត់ ក៏ត្រូវជនសង្ស័យជាកូន វាយត្រូវចំមុខ ១ដៃទៀតផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីជាម្ដាយ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់ ដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ ទទួលបានពាក្យបណ្ដឹង ភ្លាមនោះ ក៏ចុះចាប់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវីធី ៕ ស្អាងជ័យ