ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធីសំណេះសំណាល និងចែក រំលែកបទ ពិសោធន៍ការសិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១៨រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៩-២០២០ នេះ ចំនួន ១,៧២១នាក់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង និងលោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធីអន្តរជាតិ មាន ២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង ០២សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបំរើការសរុបចំនួន ២២៤៣ នាក់ (នារី៩៥៥ នាក់) សិស្សានុសិស្សកំពុងសិក្សា សរុបចំនួន៤៧.៥៥៦នាក់ (នារី២៤៥៤៨នាក់) ។
គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សាលាប៊ែលធី អន្តរជាតិ ក៏មានសិស្សថ្នាក់ទី១២ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,១១២៩ នាក់(ដប់មួយពាន់មួយរយម្ភៃប្រាំបួននាក់) ជាប់ ៩,៤២១ នាក់ (ប្រាំបួនពាន់បួនរយម្ភៃមួយនាក់) ស្មើនឹង ៨៥.២៤ និងទទួលបានសិស្សនិទ្ទេសA ចំនួន ១១២នាក់ និងមានសិស្សពូកែទូទាំងរាជធានី និងទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ សរុបចំនួន ៦៤នាក់ (នារី ៣៨នាក់) ។ ហើយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រពីរ ១. ចេញដោយ សាលា ប៊ែលធី អន្តរជាតិ ២- ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ។
សម្រាប់សិស្សនឹងបានUploadសញ្ញាបត្រទាំងពីរនោះចូលទៅក្នុងវែបសាយរបស់ប៊ែលធីដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបDownload ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ១៨រូប និងសិស្សជ័យលាភីទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និង គោរពវិន័យសាលាបានល្អ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត អគ្គនាយក និងលោកជំទាវ បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ១៨រូប ព្រមទាំង ឧបត្ថម្ភថវិកាសម្រាប់ការ ចំណាយផ្សេងៗក្នុងម្នាក់ៗ ២,០០០ដុល្លារ ជាមួយគ្នានេះដែរ លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានសិស្សជាប់និទ្ទេសA ក៏ទទួលបានលិខិតសរសើរ និងថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារ ផងដែរ៕ អរុណរះ