ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តខ្នាតយក្សដឹកត្រីរបស់ឈ្មួញ គង់ ឡាំ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋក្រុងសៀមរាប​

ចែករំលែក៖

ខេត្តសៀមរាប ៖ រថយន្តដឹកត្រី​របស់ឈ្មួញ គង់ ឡាំ ចេញពីប្រទេសវៀតណាម​ឆ្លងកាត់ច្រើនខេត្ត ដល់ខេត្តសៀមរាប ឆ្ពោះ​ទៅតំបន់ប៉ោយប៉ែត ឆ្លងចូលទៅប្រទេសថៃ​បង្ក​ឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប​នាពេលបច្ចុប្បន្ន ។ ដោយអាងលើភាពស្របច្បាប់​​ ការដឹក​ជញ្ជូនត្រីនេះ​ពួកគេបានផ្ទេរត្រីពីរថយន្តមួយទៅរថយន្តមួយទៀត​នៅកណ្តាលក្រុងសៀមរាប​ បង្ក​ឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ​ជារៀងរាល់ថ្ងៃ ។

បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា ត្រីរបស់ឈ្មួញ គង់ ឡាំ ដែលជាអ្នកកាងនោះ​មានការយល់ព្រម ឬ​មានច្បាប់ចេញដោយអគ្គនាយកដ្ឋាន​រដ្ឋបាលជលផល​ ប៉ុន្តែថា ច្បាប់អនុញ្ញាត​ឲ្យដឹកត្រីមួយតោន ពួកគេដឹក​១០តោន មិនទាន់ឈប់ទេ ។ ចំណុចនេះ គួរតែ​អគ្គនាយកដ្ឋានរដ្ឋបាលជលផល​ពិនិត្យពិច័យ​ឲ្យបានច្បាស់លាស់ ពីព្រោះថា ពួកឈ្មួញ​តែងតែបន្លំ​អំពីបញ្ហានេះ​ដើម្បីផលប្រយោជន៍របស់ពួកគេ ។ ពិតហើយ សមត្ថកិច្ចតាមដងផ្លូវ​ត្រូវបាន​ថៅកែត្រីចែករំលែកផលប្រយោជន៍ឲ្យខ្លះៗ ប៉ុន្តែ​វាជារឿង​ដែល​ពួកឈ្មួញទាំងនេះ កេងប្រវញ្ច​លើច្បាប់​របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផល ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នពួកគេកំពុងធ្វើ​ឲ្យប្រជាពលរដ្ឋ​នៅក្រុងសៀមរាបក្តៅក្រហាយផងដែរ ។

ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦បានលើកឡើងថា ជារៀងរាល់ព្រឹក មានរថយន្តកូរ៉េ៥តោន និង រថយន្តក្រុងដែលគេដឹងថា ជារថយន្តដឹកត្រី បានមកចតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ពីខាងកើតផ្សារលើធំថ្មី នៃក្រុងសៀមរាប ដើម្បីសាងត្រីទម្លាក់ឲ្យម៉ូយ ប៉ុន្តែការសាងត្រីនេះបានធ្វើឲ្យជះក្លិនស្អុយឆ្អាបពេញផ្លូវ ។

រថយន្តដឹកត្រីនោះ ត្រូវបានគេដឹងថា រាល់ពេលដាក់ម្តងៗ ហូរទឹកឆ្អាប ប្រឡាក់មកលើផ្លូវ ជារៀងរាល់ព្រឹក ប៉ុន្តែមិនត្រូវបានខាងជំនាញពាក់ព័ន្ធ ណាមួយយកចិត្តទុកដាក់បញ្ចៀសនូវបញ្ហានេះឡើយ ។ កត្តាទាំងអស់នេះទំនងជាខាងជំនាញមួយចំនួន ទទួលបានផលប្រយោជន៍ ចូលហោប៉ៅ ហើយទើបធ្វើមិនដឹងមិនឃើញករណីខាងលើនេះ ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងនោះ បានលើកឡើងថា រថយន្តដឹកត្រីដែលមានទឹកហូរទឹកឆ្អាប មកលើផ្លូវជារៀងព្រឹកបែបនេះ មិនគួរណាមកចត សាងនៅទីប្រជុំជន ឬនៅផ្លូវដែលមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ នោះទេជាពិសេសផ្លូវជាតិនេះក៏មានរថយន្តគណៈប្រតិភូឆ្លងកាត់រាល់ដង ផងដែរ បើបណ្ដែតបណ្ដោយយូៗទៅកន្លែងចតនោះ កាន់តែមានសភាពស្អុយឆ្អាបខ្លាំងឡើងៗ ។

ចំណែក លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប បានប្រាប់អ្នកកាសែតថា ជុំវិញការរថយន្តចតសាងត្រី នេះ ចាំលោកឲ្យអ្នកពាក់ព័ន្ធ ចុះទៅពិនិត្យមើល ។ ទោះយ៉ាងណាលោក នួន ពុទ្ធារ៉ា មិនបានអត្ថាធិប្បាយលម្អិតបាន នោះទេ ។ សូមបញ្ជាក់ថា រថយន្តដឹកត្រី ខ្នាតធំ ដែលចតពាក់កណ្ដាលផ្លូវជាតិលេខ៦ គេដឹងថា ដឹកត្រី មកពីប្រទេសវៀតណាម ។ មហាជនលើកឡើងថា ការដែលមានរថយន្តដឹកត្រី ចតសាង លើទីតាំងខាងលើនោះ អាចបណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ បរិស្ថាន ដូច្នេះពួកគាត់សង្ឃឹមថា អាជ្ញាធរជំនាញ និងមិនបណ្ដែត បណ្ដោយ ឲ្យមានតទៅទៀតទេ ។

ជុំវិញករណីខាងលើនោះដែរ មិនអាច សុំការពន្យល់ពី លោក ប្រធាន មន្ទីរបរិស្ថានខេត្ត និង លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៩៕ ហេង សូរិយា


ចែករំលែក៖