ប្រជាពលរដ្ឋរស់នៅស្រុកសន្ទុក ខេត្តកំពង់ធំបានរាយការណ៍ថា បទល្មើសនេសាទនៅក្នុងមូលដ្ឋានរបស់ពួកគាត់បានកើតឡើងជាចំហរ តាមរយៈការដាក់ឧបករណ៍នេសាទចាប់យកត្រីច្រើនប្រភេទ ។ ពួកឈ្មួញអ្នកនេសាទល្មើសច្បាប់បានឃុបឃិតជាមួយលោក គូ ប៊ុនទឹង នាយសង្កាត់រដ្ឋបាលជលផលត្រួត៥ស្រុកក្នុងខេត្តកំពង់ធំ គឺជាអ្នកបើកដៃឲ្យមានការនេសាទល្មើសច្បាប់ ។ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំលោក ប៉ែន វណ្ណរិទ្ធ ដែលមានជំនាញខាងជលផលស្រាប់នោះ ចាត់ទុកលោកគូ ប៊ុនទីង ជាសេនាដៃស្តាំក្នុងការរកផលប្រយោជន៍ឲ្យខ្លួន ។ រីឯអាជ្ញាធរខេត្តក៏ផ្តេកផ្តួលក្នុងរឿងនេះដែរ ។
ប្រភពព័ត៌មានបានរាយការណ៍ថា បទល្មើសនេសាទនៅចំណុចបឹងខ្វែក, ចំណុចអង្លង់ព្រីង, ចំណុចបឹងព្រួស, ចំណុចចាមបាច, ចំណុចបឹងកណ្តាល និងចំណុចបឹងក្រចៅ ក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ គឺសុទ្ធតែក្រោមការគ្រប់គ្រង និងចាត់ចែងរបស់លោកគូ ប៊ុនទឹង ទាំងអស់ ។ អ្នកនេសាទល្មើសច្បាប់នៅចំណុចខាងលើភាគច្រើនមកពីខេត្តសៀមរាប ។ ពួកគេត្រូវរ៉ូវជាមួយលោកគូ ប៊ុនទឹង តាមរយៈការផ្តល់លាភសក្ការប្រចាំរដូវផង ប្រចាំខែផង ទើបប្រព្រឹត្តល្មើសបានជាចំហរ និងដោយសេរីយ៉ាងនេះ ។ ពួកគេនិយាយថា ត្រូវតែបង់ប្រាក់ឲ្យលោក គូ ប៊ុនទឹង យកទៅចាត់ចែងបន្តជូនថ្នាក់ដឹកនាំមន្ទីរកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ បើមិនដូច្នោះទេ ពួកគេមិនអាចប្រព្រឹត្តបទល្មើសនេសាទជាចំហរដូចសព្វថ្ងៃនេះបានឡើយ ។
លោកគូ ប៊ុនទឹងត្រូវគេអះអាងថា ជាស្តេចក្រាញ់នៃមន្ត្រីជលផលក្នុងការអនុញ្ញាតឲ្យមានបទល្មើសនេសាទដោយមិនខ្វល់ចំពោះការរិះគន់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះឡើយ ។ ការដែលប្រជាពលរដ្ឋកត់សម្គាល់យ៉ាងដូច្នេះ ពីព្រោះថា បើទោះបីជាប្រជាពលរដ្ឋរាយការណ៍អំពីបញ្ហាបទល្មើសបែបណាក៏ដោយ គឺមន្ត្រីជលផលខេត្តក្រោមអំណាចលោកប៉ែន វណ្ណរិទ្ធ មិនចុះមកបង្ក្រាបនោះឡើយ ហើយបើតាមខ្សែបណ្តោយរបស់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត គឺរឹតតែសូន្យឈឹងទៀតផង ។ ប្រជាពលរដ្ឋនិយាយថា មិនសង្ឃឹមអាជ្ញាធរ និងស្ថាប័នជំនាញក្នុងខេត្តកំពង់ធំចុះបង្ក្រាបបទល្មើសនេសាទនោះទេ ពីព្រោះទាំងថ្នាក់ដឹកនាំខេត្ត ទាំងស្ថាប័នជំនាញ(កសិកម្ម) ហាក់ដូចជាត្រូវថ្នាំលោកគូ ប៊ុនទឹង មន្ត្រីជលផលនោះអស់ទៅហើយ ៕