បើទោះបីជានៅតាមបណ្តាខេត្តនានាហាក់ដូចជាស្ងប់ស្ងាត់ចំពោះបញ្ហាបទល្មើសព្រៃឈើ ការដឹកជញ្ជូនព្រៃឈើបែបណាក៏ដោយ ប៉ុន្តែនៅខេត្តសៀមរាប នៅតែមានការដឹកជញ្ជូនឈើចូលមកទីរួមខេត្តជាធម្មតា ។ ប្រការនេះត្រូវគេយល់ថា វាជាផលប្រយោជន៍យ៉ាងជាប់លាប់របស់លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។ គេសង្កេតឃើញរថយន្តធំៗដឹកឈើចូលខេត្តសៀមរាបជារៀងរាល់ថ្ងៃ ហើយពួកឈ្មួញទាំងនោះអះអាងថា សុទ្ធតែបានចំណាយប្រាក់ឲ្យមេព្រៃនៅខេត្តសៀមរាបអស់ហើយ ទើបអាចដឹកជញ្ជូនជាចំហរបានយ៉ាងដូច្នេះ ។ ប្រភពបន្ថែមថា ឈើខ្លះត្រូវបានអារច្រៀកក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខ្លះដឹកមកពីខេត្តព្រះវិហារ ។
ដោយសម្អាងទៅលើបញ្ហាមានច្បាប់ទម្លាប់ ឈ្មួញបានដឹកឈើចូលក្រុងសៀមរាបទាំងថ្ងៃ ដោយមិនញញើតនរណាឡើយ? ញញើតនរណាបើប្រធានមន្ទីរកសិកម្មជាអ្នកចេញច្បាប់ហើយនោះ? ប្រការនេះធ្វើឲ្យពួកឈ្មួញភាគច្រើនងាកមករត់រកច្បាប់របស់លោកទា គឹមសុទ្ធ ដើម្បីដឹកឈើចូលខេត្តសៀមរាប ដែលឈ្មួញភាគច្រើនមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ប្រភពបន្ថែមថា ឈ្មួញនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រុកដឹកឈើចូលខេត្តសៀមរាបក្រោមការសម្របសម្រួលរបស់លោក ទា គឹមសុទ្ធ ដោយមិនគិតអំពីមហន្តរាយអ្វីនោះឡើយ ។ ឈើខ្លះត្រូវគេអារចេញពីព្រៃ រួចយកមកក្រឡៃថាជាឈើស្របច្បាប់ ឬឈើដែលមានច្បាប់អនុញ្ញាត ។ ប៉ុន្តែវាជាការឃុបឃិតរបស់លោកប្រធានមន្ទីរ និងពួកឈ្មួញនោះតែប៉ុណ្ណោះ ។ គេនិយាយថា រឿងព្រៃឈើលោក ទា គឹមសុទ្ធ ច្បាស់ណាស់ ព្រោះលោកកាន់កិច្ចការនេះជាយូរឆ្នាំមកហើយ ។
បទល្មើសព្រៃឈើនៅខេត្តសៀមរាប ពោលគឺការដឹកជញ្ជូនឈើនៅតែបន្តកើតមានជាហូរហែ ។ មើលទៅហាក់ដូចជារឿងតូចតាច ប៉ុន្តែប្រសិនបើគណៈកម្មការជាតិបង្ក្រាបបទល្មើស ធនធានធម្មជាតិមិនចាត់វិធានការទេនោះ វាបង្កមហន្តរាយធំនាពេលអនាគត ហើយអ្នកដែលទទួលបានផលប្រយោជន៍ពីមហន្តរាយនេះ គឺមានតែប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងបក្ខពួករបស់គេប៉ុន្មាននាក់ប៉ុណ្ណោះ ។ ពួកមន្ត្រីមេព្រៃខេត្តសៀមរាប ដែលជាកូនចៅរបស់លោក ទា គឹមសុទ្ធ សុទ្ធតែជាអ្នកមានជំនាញក្នុងការស្វែងរកផលប្រយោជន៍ ជូនមេដឹកនាំរបស់ពួកគេ ។ ក្រសួងកសិកម្មមិនឃើញមានចំណាត់ការយ៉ាងណាចំពោះពួកមេព្រៃនិងប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនោះទេ ៕