ភ្នំពេញ៖ ជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មភាពព្រួតវាយបុរសម្នាក់ជនជាតិខ្មែរបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣និង០៥នាទី ត្រង់ចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២និង០០នាទីរំលងអាធ្រាត្រ ។
ជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់(គ្មានលិខិតឆ្លងដែន)មុខរបរ អាជីរវករស្នាក់នៅផ្ទះលេខ២៦៦ ផ្លូវលេខ១០Mថ្មី បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិ ចិន០៤នាក់ វាយលើជនរងគ្រោះខ្មែរម្នាក់ បណ្ដាលឲ្យរបួសជាច្រើនកន្លែង) ។
ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវរំដួល បូរីអ័រគីដេរ សែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសស្នាមលើដើមទ្រូងជាំ កញ្ចឹងកខាងក្រោយ ជើងខាងស្ដាំ ចង្កេះស្ដាំ ដៃស្ដាំ ភ្នែកទាំងសងខាង ត្រជៀកទាំងសងខាង ក្បាលជាទម្ងន់ជាំហើម និងជាំត្រជៀកទាំងសងខាង) (ដោយសារជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្សពួកវាយដោយដៃបណ្ដាលឲ្យរបួសក្នុងពេលកើតហេតុ) ។
យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា តាមការពិនិត្យទីកន្លែងកើតហេតុឃើញរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-1073 ដែលមានលេខតួ: 1380694 និងលេខម៉ាស៊ីន: 1381388 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ALON ជាបក្សពួកឈ្មោះ TSAI JIDA ហៅ ADA រត់ចោលនៅកន្លែងកើតហេតុពេលវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣និង០០នាទី ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អាន ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក ឆែរ៉ូឡែត ពណ៌ខ្មៅ ស៊េរី 2018 ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណងទៅរកញ៉ាំអាហារនៅខាងក្រៅ តែមិនបានញាំទេ ជនរងគ្រោះនិងឈ្មោះ អាន ក៏បានជិះរថយន្តដើរលេងតាមផ្លូវ លុះជិះមកដល់ចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងបក្ខពួកមានគ្នា០៣នាក់ទៀត ទី១/ឈ្មោះ LE CHEN LANG ហៅ លីកឺ ភេទប្រុស អាយុ ប្រហែល ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ ទី៣/ឈ្មោះ អ៊ូកឺ ភេទប្រុស ប្រហែល ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ ALON ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបើករថយន្តចំនួន០១គ្រឿងម៉ាក Ford Ranger ពណ៌ស មិនចាំស្លាកលេខ និងម៉ូតូ០២គ្រឿងម៉ាក Honda Zoomer X ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-0713 និងម៉ូតូ០១គ្រឿងទៀត ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-1073 តាមផ្លូវ១២៨ ពីលិចទៅកើតពេលនោះជនរងគ្រោះឈ្មោះ សឿន រដ្ឋា ក៏បានបើករថយន្តវ៉ាទៅមុនក្រុមជនសង្ស័យជាជនជាតិចិនខាងលើ រួចហើយជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្សពួកក៏បានចុចស៊ីផ្លេររថយន្តជាច្រើនដងខ្លាំងៗ រួចហៅជនរងគ្រោះឈ្មោះ សឿន រដ្ឋា ឲ្យឈប់ ពេលនោះជនរងគ្រោះក៏បានឈប់រថយន្តរួចហៅជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្ខពួក០៣នាក់ ថាមានរឿងអីបានហៅអញ់ឲ្យឈប់ ពេលនោះជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និង បក្ខពួកក៏បានឈប់រថយន្តនិងម៉ូតូ រួចនិយាយជាភាសាចិនខ្លាំងៗ រួចហើយក្រុមជនសង្ស័យទាំង ០៤នាក់ខាងលើ ក៏បានចុះពីលើរថយន្ត និងម៉ូតូរួចដើរសំដៅមករកជនរងគ្រោះរួចវាយលើជនរងគ្រោះ បណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែង ក្នុងពេលនោះជនរងគ្រោះ ក៏បានវាយតបតទៅលើក្រុមជនសង្ស័យវិញ ដើម្បីការពារខ្លួនទៅវិញ ក្រោយមកក៏មានអ្នកជិតខាងជួយឃាត់បំបែកគ្នា លុះមួយសន្ទុះក្រោយមកក៏មានការប្រតាយប្រតប់គ្នាជាលើកទី២ ដោយដេញវាយគ្នាពេញផ្លូវ១២៨ ដោយក្រុមជនសង្ស័យទាំង ០៤នាក់ បានប្រើដៃវាយមកលើជនរងគ្រោះឈ្មោះ សឿន រដ្ឋា និងលោតធាក់ដើមទ្រូង០១កន្លែងជាំ ,កញ្ចឹងកខាងក្រោយ , ជើងខាងស្ដាំ , ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង , ត្រជៀកទាំងសងខាង , ក្បាលជាទម្ងន់ជាំហើមជាំ និងត្រជៀកទាំងសងខាង ក្នុងពេលវាយតាយប្រតប់គ្នាក្រុមជនសង្ស័យឈ្មោះ ALON បានរត់ចោល ម៉ូតូ០១គ្រឿង ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 នៅលើផ្លូវលេខ១២៨ រួចហើយក្រុមជនសង្ស័យទាំង០៤នាក់ខាងលើ ក៏បានគេចរត់ខ្លួនបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីចាប់យកម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 ដែលក្រុមជនសង្ស័យជនជាតិចិនបានរត់ចោល និងបានធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
លុះរហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣និង០៥នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេទន្លេសេកុង ដែលមានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ចំណែកបក្ខពួក០៣នាក់ទៀតឈ្មោះ LE CHEN LANG ហៅ លីកឺ, ឈ្មោះ អ៊ូកឺ និងឈ្មោះ ALON បានគេចខ្លួនបាត់ ការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានភាព អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ៕ស តារា