ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តសាលដីកា ដោយបង្ខំ រឹបអូសយកដី និងផ្ទះមួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត ។ ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះ មានឈ្មោះ លន់ លឿម ភេទប្រុស អាយុ ៥៦ឆ្នាំជាឪពុកបង្កើត និងប្រពន្ធឈ្មោះ វង់ រ៉ាន់ អាយុ ៤៦ឆ្នាំជាម្តាយចុង ។ ចំណែកភាគីចាញ់ក្តី មានឈ្មោះលឿម យ៉ម ភេទស្រី អាយុ២៨ឆ្នាំ ជាកូនស្រីបង្កើត ពួកគាត់មានទីលំនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបដូចគ្នា ។
នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី១៨ ខែតុលា មុនពេលសម្រេចរុះរើផ្ទះដើម្បីរឹបអូសយកដី គេឃើញក្រុមភាគីចាញ់ក្តីជាច្រើននាក់ ដែលរួមមាន បង.ប្អូន.ពូ.មីង រួមទាំងអ្នកភូមិក្បែរខាងផង បានសុំទៅក្រុមសមត្ថកិច្ចឲ្យពន្យាពេលក្នុងការរុះរើផ្ទះ ព្រោះពួកគាត់សុំសិទ្ធិប្តឹងបន្តសិន ។ ម្យ៉ាងវិញទៀតក្នុងដំណើរឿងក្តី ដែលកំពុងស្វែងរកអន្តរាគមន៍ គីពួកគាត់មិនអាចប្រគល់ដី និងផ្ទះឲ្យនណាម្នាក់នោះឡើយ ។ ប៉ុន្តែទោះបីសំឡេងស្រែកសុំអង្វរ ប្រែក្លាយទៅជាសំឡេងស្រែកទ្រហ៊ោយំ យ៉ាងណាក៏ដោយ ក៏ដំណើរការអនុវត្តមិនអាចបញ្ឈប់ឡើយ ។ ផ្ទុយទៅវិញ នៅប៉ុន្មានប្រហែលមួយម៉ោងក្រោយ ផ្ទះជញ្ជាំងស្លឹកដំបូលស័ង្កសី ដែលមានសភាពទ្រុឌទ្រោម ស្រាប់ផងនោះបានរុះរើជាបណ្តើរៗរហូតនៅសល់តែស្លាកស្នាម ។
ក្នុងពេលជាមួយគ្នាក្រោយសុំផ្អាកការរុះរើមិនបាន គេឃើញសាច់ញាតិអ្នកចាញ់ក្តី អុជធូបហើយកាយដីកប់ ស្រែកបួងសួងខ្លាំងៗថា ឪពុកតិរិច្ឆាន ប្រគល់ដីឲ្យកូនកាន់កាប់ជិត២០ឆ្នាំហើយ មកប្តឹងទារយកវិញ ព្រោះផ្គាប់ចិត្តប្រពន្ធចុង ។ អ្នកឯងចង់បានដីរបស់ខ្ញុំ អ្នកឯង នឹងត្រូវចូលទៅក្នុងដី ដូចភ្លើងធូបនេះអីចឹង ។
លោកឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ថា រឿងនេះគឺរូបលោកដឹកនាំកម្លាំងអនុវត្តទៅតាមសាលដីការបស់សាលាឧទ្ធរណ៍ប៉ុណ្ណោះ មុនពេលចុះអនុវត្តគឺបានហៅភាគីចាញ់ក្តី មកសាកសួរផ្ទាល់ រហូតជូនលិខិតរុះរើដោយស្មគ្រចិត្ត ដល់ពួកគាត់ទៀត ចឹងទេ ពេលនេះពួកគាត់យល់ព្រមឲ្យរុះរើហើយ ។
ចំណែកស្ត្រីជាកូនបង្កើតដែលជាភាគីចាញ់ក្តី បានប្រាប់នៅកន្លែងកើតហេតុដូចគ្នាថា ដីនេះឪពុកបានប្រគល់ឲ្យជាកម្មសិទ្ធិជិត២០ឆ្នាំមកហើយ ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៩ ឪពុកបានធ្វើលិខិតធ្វើអំណោយផ្តាច់ មួយច្បាប់ឲ្យថែមទៀតផង ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ ពួកគាត់តម្រូវឲ្យនាងខ្ញុំបង់លុយ៧០០ដុល្លារ សម្រាប់ដើរលើផ្លូវដែលពួកគាត់ទុក ហើយនាងខ្ញុំមិនមានប្រាក់បង់ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ពួកគាត់ទៅប្តឹងធ្វើជាលិខិតបដិសេធមោឃភាព លើលិខិតអំណោយផ្តាច់របស់ពួកខ្ញុំ ហើយបន្តប្តឹងទៅតុលាការរហូត ចុះមករុះរើផ្ទះយកដីបែបនេះ ។
ស្ត្រីចាញ់ក្តី រួមទាំងសាច់ញាតិ ដែលជាកូន ជាក្មួយ បានសុំឲ្យស្ថាប័នពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវ និងស៊ើបអង្កេតឡើងវិញ ខ្លាចក្រែងពួកគាត់មាន សំណាងបានដី និងផ្ទះមកវិញ ព្រោះរឿងនេះឪពុកបង្កើត ហាក់ដូចជាដើរផ្លូវតែមួយពីក្រោមដល់លើរួចទៅហើយ (គឺចងប្រពន្ធ័ ដើម្បីផលប្រយោជន៍)៕ ប៊ុនរិទ្ធី