ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ លួចបន្ទះក្ដារកុងផ្លាកកេគេយកទៅលក់ឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមទិញ ក៏ខឹងយកថ្នោលឫស្សីសម្រាប់ដោលទូក មកបុកបណ្ដាលឲ្យចំដើមទ្រូងរងរបួសយ៉ាងដំណំ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៤និង៤០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឿន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះ ស៊ុន ផល ភេទប្រុស អាយុ៤២ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។ ចំណែកវត្ថុតាងដកហូតបានមាន ថ្នោលដោលទូក ជាឬស្សីពីងពង់ ចំនួនមួយ ប្រវែង៤,៥០ម៉ែត្រ ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៤និង៤០នាទី ជនសង្ស័យ បានលួចយកបន្ទះកុងផ្លាកកេ១បន្ទះ មកលក់ឲ្យជនរងគ្រោះ តែពេលនោះជនរងគ្រោះមិនព្រមទិញ ព្រោះជារបស់លួចគេ ហើយបន្ទាប់មក ជនរងគ្រោះបាននិយាយស្តីបន្ទោសបន្ដិចបន្តួច និងឲ្យជនសង្ស័យចេញពីផ្ទះរបស់ខ្លួន ភ្លាមនោះ ស្រាប់តែជនសង្ស័យខឹង ក៏យកថ្នោលដោលទូកដែលនៅក្បែនោះ បុកទៅលើជនរងគ្រោះចំដើមទ្រូងខាងឆ្វេងចំនួនពីរថ្នោល បណ្តាលឲ្យដួល បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីស្វែងរកចាប់ខ្លួនចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រកាខ្ពស់ បានឃើញជនសង្ស័យនៅក្នុងមូលដ្ឋាន ក៏ធ្វើការឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ