ជាច្រើនលើកច្រើនសារកូរ៉េខាងជើងបានប្រកាសថាមិនចុះចាញ់ ទៅលើទណ្ឌកម្ម របស់អាមេរិក នោះឡើយ ទោះបីបានទទួលរង ជិត៧០ឆ្នាំកន្លងមកក្តី ។ កូរ៉េខាងជើងបារម្ភ ខ្លាច ដូចទៅនឹងប្រទេសលីបី និងអ៊ីរ៉ង់ ដែលបោះបង់បរមាណូដើម្បីរួចផុតពីទណ្ឌកម្មអាមេរិក តែទីបំផុតត្រូវអាមេរិកបំផ្លាញដដែល។
តាម សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថាទីក្រុងព្យុងយ៉ាងនឹងមិនចុះចាញ់ ឬក៏ចុះញម ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកនោះទេ ដើម្បីបញ្ជៀសកុំឱ្យប្រទេសរបស់ខ្លួនមានវាសនា ដូចជាប្រទេសអ៊ីរ៉ាក់ និងលីប៊ី។
កូរ៉េខាងជើង បានបង្កើនការរិះគន់លើទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីកិច្ចចរចារវាងក្រុមមន្ត្រីនៃប្រទេសទាំង ២នៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅ មិនទទួលបានលទ្ធផល។ មិនតែប៉ុណ្ណោះ នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅថ្ងៃចន្ទនេះ សារព័ត៌មានរដ្ឋ កូរ៉េខាងជើង Rodong Sinmun ក៏បានបរិហារដែរថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺមានគោលដៅប្ដូររបបដឹកនាំ លោក គីម ជុងអ៊ុន។
ដោយឡែក ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ Rodong Sinmun មិនបាននិយាយអ្វីច្រើនឡើយ តែដូចជាចង់ បញ្ជាក់ជាមុនថាកូរ៉េខាងជើងមិនអាចបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ ដោយលើកឧទាហរណ៍ ប្រទេសលីប៊ី និងអ៊ីរ៉ាក់ មកសំអាង។ សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះបន្ថែមដូច្នេះថា៖ «មេដឹកនាំអ៊ីរ៉ាក់ Saddam Hussein ដែលបានអនុញ្ញាតឱ្យអង្គការសហប្រជាជាតិ ចូលត្រួតពិនិត្យកម្មវិធីអាវុធរបស់ខ្លួនពី ឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ត្រូវបានគេព្យួរក ក្រោយការឈ្លានពានពីអាមេរិក។ រីឯមេដឹកនាំលីប៊ី Muammar Gaddafi ដែលបានបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរកាលពីឆ្នាំ២០០៣ ក៏ត្រូវបានគេសម្លាប់ចោលផងដែរ នៅឆ្នាំ២០១១»។
គួរបញ្ជាក់ថា កំឡុងពេលជិះសេះស នៅលើភ្នំ Paekdu កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ខណៈមានការសន្និដ្ឋានថាមេដឹកនាំ កូរ៉េខាងជើងរូបនេះ នឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនៅពេលខាងមុខនេះ៕