ខេត្តតាកែវ ៖ បទល្មើសនេសាទដែល សមត្ថកិច្ចជំនាញអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមក នេសាទក្នុង ទឹកដីខ្មែរនៃស្រុកអង្គរបុរី និង បុរីជលសាខេត្តតាកែវ បានកើតមានយ៉ាង គគ្រឹកគគ្រេង និងជាចំហដែលប្រជាពល រដ្ឋ ក៏ដូចជាមន្រ្តីរាជការ តូចតាចមើលឃើញ គ្រប់គ្នា។ ផ្ទុយទៅវិញអាជ្ញាធរស្រុកទាំងពីរ ជាពិសេសស្ថាប័នជំនាញ ពោលគឺរដ្ឋបាលជលផល ខេត្ត តាកែវគ្រប់ជាន់ថ្នាក់ថាមិនមានបទល្មើស ដូចការលើកឡើងនោះទេ។
ប៉ុន្តែបទល្មើសនេសាទ ដែលគេអាចមើលឃើញផ្ទាល់បាននោះ បានកើតឡើង នៅស្រុកបុរីជលសា និងស្រុកអង្គរបុរីចាប់ពីចំណុចលោកតាក្រហមក រហូតដល់បាក់ដៃ, កំពង់ក្រសាំង, កំពង់អម្ពិល(ស្រុកបុរីជលសា) កំពង់យោលខាង ត្បូងនិងខាងលិចភ្នំបុរី ខេត្តតាកែវ ដែលគេសង្ស័យថា មន្រ្តីជលផលគ្រប់លំដាប់ថ្នាក់ជាអ្នកបើកដៃឱ្យជាថ្នូរនឹងលាភសក្ការៈ។
ឧបករណ៍ ខុសច្បាប់ ដែលក្រុមជនជាតិ វៀតណាមនាំចូលមកនេសាទទាំងនោះ មានដូចជាសៃយ៉ឺនស្បៃមុងខ្នាតយក្សរបាំង ឡុកសាច់អួនក្រឡាញឹក រាប់រយរបាំង និងរាប់ពាន់ម៉ែត្រក្នុងមួយខ្សែៗ និងមានដាយត្រីដាយបង្កងមានដាក់របាំងជាស៊ង មានលបបង្កង ក៏ដូចជាលបនរកហៅប្រើស មួយរយសម្រាប់ចាប់ត្រីតូចធំនិងបង្កងក្នុងមួយថ្ងៃៗបានយ៉ាងច្រើនតោននាំទៅប្រទេស វៀតណាម។
កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមអ្នកកាសែត បានចុះទៅយកព័ត៌មានដល់ចំណុចខាងលើជាក់ស្តែង បទល្មើសមានយ៉ាងស្អេកស្កះពេញផ្ទៃបឹងស្ទើរតែបើកទូកមិនរួចនោះឡើយ។
ក្រុមនេសាទជាជនជាតិវៀតណាមទាំងនោះ បានឲ្យដឹងថា ក្នុងសៃយ៉ឺន ខ្នាតយក្សមួយខ្សែៗគេរត់ការអស់រាប់ម៉ឺនដុល្លារ តាមរយៈមេខ្យល់ ឈ្មោះ អាកេជា ជនជាតិវៀតណាមនិងឈ្មោះលឹស។ក្នុងនោះទូកដាក់លបបង្កងបង់លុយ១២លានដុងទូក១គ្រឿងទូកដាក់សៃយ៉ឺនស្បៃមុង ១៣ លានដុង, ទូកលបកន្ទុយកណ្តុរ១៣លានដុង,ទូក លបក្តាម៧លានដុង។ល។ លុយ ទាំងនេះឈ្មោះកេដើរនិយាយថា យក ទៅរត់ការជាមួយមន្ត្រីជំនាញជលផល រួមនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោក ទុយ សុភ័ក្រ្ត អភិបាលស្រុកបុរីជលសាប្រាប់ថា លោកមិនបានដឹងរឿង ជនជាតិវៀតណាមមកនេសាទក្នុងដែន ទឹកខ្មែរនោះទេ ព្រោះលោកមិនបាននៅក្នុងមូលដ្ឋាន ដោយជាប់រវល់មកព្យាបាលជំងឺ។ លោកអភិបាលស្រុកអះអាងថា ប្រសិនបើមានរឿងនេសាទដោយជនជាតិវៀតណាមនោះទំនងជាមានការត្រូវរ៉ូវគ្នា រវាងប្រជាពលរដ្ឋសហគមន៍ ជាមួយជនជាតិវៀតណាម ហើយមិនមានទ្រង់ទ្រាយធំដុំអីនោះទេ។
ប៉ុន្តែបើតាមប្រភពអះអាងថា អ្នកនេសាទវៀតណាមបានដាក់ដាយកាត់ទន្លេច្រើនកន្លែង ក្នុងភូមិសាស្រ្តស្រុកបុរីជលសា ដោយគ្រាន់តែបង់លុយឲ្យអាជ្ញាធរ ស្រុក និងស្ថាប័នជំនាញ។ ដូចគ្នានេះដែរនៅស្រុកអង្គរបុរី អាជ្ញាធរបានចេញប័ណ្ណពណ៌លឿង សម្រាប់ឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរ។
ពាក់ព័ន្ធករណីនេះលោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវឆ្លើយ ថាមិនដឹងទេ។ ចំណែកលោកអ៊ូច ភាអភិបាលខេត្តតាកែវបានមានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃដដែលនេះយ៉ាងខ្លីថា ចាំមើលសួរនាំទៅខាងជំនាញគេសិនរឿងហ្នឹងតើវាយ៉ាងម្តេចដែរ?
ចំណែកលោកគឹម សារិទ្ធ អនុប្រធានអធិការដ្ឋានរដ្ឋបាលជលផលចតុមុខទទួល បន្ទុកបង្ក្រាបបទល្មើសនេសាទខេត្តតាកែវ ដែលគេសង្ស័យថាបានទទួលលាភសក្ការៈ ផងដែរនោះ អ្នកយកព័ត៌មានទូរស័ព្ទចូលជាច្រើនដង តែមិនលើកទាល់តែសោះ។
អាជ្ញាធរខេត្តតាកែវ ពោលគឺលោក អ៊ូច ភា ត្រូវប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា ជាអ្នកឃុបឃិតឲ្យជនជាតិវៀតណាមទាំងនោះ ចូលមកប្រព្រឹត្តនេសាទល្មើសច្បាប់ ជាថ្នូរនឹងផលប្រយោជន៍។ ពួកមន្ត្រីជលផលខេត្តតាកែវនិយាយថា មុននឹងអ្នកនេសាទវៀតណាមរកស៊ី នៅក្នុង ដែនទឹកខ្មែរនៃស្រុកអង្គរបុរី និងបុរីជលសាបានដោយសេរី គឺពួកគេបានបង់ប្រាក់ឲ្យស្ថាប័នជំនាញ និងអាជ្ញាធរដែនដីតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។ រឿងបែបនេះត្រូវបានគេរៀបចំ និងធ្វើឡើងជារៀងរាល់ឆ្នាំ៕ ហេង សូរិយា