ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជាមុខសញ្ញាលួចម៉ូតូនិងឆក់ទូរស័ព្ទយ៉ាងសកម្មត្រូវនគរបាលស្រុកអង្គស្នួលបង្រ្កាប

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ ជាមុខសញ្ញាលួចម៉ូតូនិងឆក់ទូរស័ព្ទយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការបង្រ្កាបឃាត់ខ្លួន បន្ទាប់ពីក្រុមយុវជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទី ត្រង់ចំណុចមុខឃ្លាំង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។

មន្រ្ដីនគបាលស្រុកអង្គស្នួលបានឲ្យដឹងថា យុវជនសង្ស័យ២នាក់ ទី១-ឈ្មោះ មឿន វណ្ណាឡាវ ភេទប្រុស អាយុ១៧ឆ្នាំ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលព្រេច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ជៀវ កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ឈៀង រីករាយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅសង្កាត់ ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឆែម សុភក្រ័ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។ សម្ភារបាត់បង់មាន៖ ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១១ មួយគ្រឿង និងសម្ភារៈយកបានមកវិញម៉ូតូគ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ បានទុកម៉ូតូនៅខាងមុខឃ្លាំង ដោយមានជាប់សោរនៅនឹងម៉ូតូផងដែរ ហើយខ្លួនកំពុងចាក់បេតុង ខណៈចាក់បេតុងងរួច មកមើលម៉ូតូបាត់មិនឃើញ ក៏រាយការណ៍ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលដំណាក់អំពិលដើម្បីជួយស្រាវជ្រាវចាត់ការ ។ លុះមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះម្នាក់ទៀតដែលជាម្ចាស់ម៉ូតូម៉ាកស្កុបពី បានទុកម៉ូតូរបស់ខ្លួននៅមណ្ឌលសុខភាព ហើយខ្លួនបានទៅពិនិត្យផ្ទៃពោះ ដោយមិនបានដកសោរទុក ចេញមកវិញបានបាត់ម៉ូតូតែម្ដង ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះទាំង២នាក់រួចមក សមត្ថកិច្ចជំនាញ ស្រុកអង្គស្នួល បានធ្វើការស្រាវជ្រាវ និងតាមដាន រហូតកំណត់មុខសញ្ញាច្បាស់ក៏ធ្វើការបង្រ្កាបឃាត់ខ្លួន យុវជនសង្ស័យទាំង២នាក់បាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល យុវជនសង្ស័យឈ្មោះ មឿន វណ្ណាឡាវ បានសារភាពថា ឈ្មោះជៀវ កុម្ភៈ ជាអ្នកទៅមើលផ្លូវ ហើយខ្លួនជាអ្នកចូលលួច រួចបានជិះទៅភ្នំពេញ ឆ្ពោះទៅផ្សារឃ្លាំងរំសេវ ដើម្បីដោះដូរគ្រឿង និងបានលុយ១២០ដុល្លារ យកមកទិញថ្នាំញៀនប្រើប្រាស់ទាំង២នាក់ ។ ហើយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ខ្លួនចូលលួចបានម៉ូតូម៉ាកស្កុបពីមួយគ្រឿងទៀត រួចយកទៅបញ្ចាំ នៅផ្សារឃ្លាំងរំសេវ បានលុយ១៥០ដុល្លារ យកមកចាយទាំង២នាក់ ។ តាមចម្លើយសារភាពរបស់ឈ្មោះ ជៀវ កុម្ភៈ បានសារភាពបន្ថែមទៀតថា ពួកគេធ្លាប់ឆក់ទូរស័ព្ទដៃតាមផ្លូវជាតិលេខ៤បានចំនួន៣លើក ហើយធ្លាប់លួចម៉ូតូចំនួន៤លើកផងដែរ ។ ចំពោះថ្នាំញៀនវិញ ខ្លួនធ្លាប់ប្រើប្រាស់រយៈពេល២ឆ្នាំមកហើយ ។

បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ស្អាង​ជ័យ​

 


ចែករំលែក៖