ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិនិត្យឆ្លង ពង្រឹងបន្ថែម និងដាក់ចេញផែនការអនុវត្តបន្ដ លើការងារសំខាន់ៗ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខណ្ឌ បានដាក់ចេញផែនការលើការងារសំខាន់ៗមួយចំនួន រួមមាន៖
១-ការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្រាប់បុណ្យឯករាជជាតិ ៩វិច្ឆិកា និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ព្រមទាំងផែនការត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងមិនទាន់រៀបរយក្នុងមូលដ្ឋាន ។
២-ការត្រៀមរៀបចំវេទិកាសាធារណៈមតិ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ ។
៣-ការត្រៀមរៀបចំវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សារាជធានីភ្នំពេញ ។
៤-វឌ្ឍនភាពនៃគម្រោងផ្លូវថ្មើជើង Walk Street និងចំណតរថយន្ដក្រោមដី ។
៥-ពិនិត្យឆ្លងរបាយការណ៍ ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ និងសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្រ្ដីផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលខណ្ឌដូនពេញ ។
៦-ពិនិត្យឆ្លងសេចក្ដីព្រាងប្រតិទិនការងារកសាងផែនការអនុវត្ត ព្រាងសេចក្ដីសម្រេចគោលការណ៍ណែនាំ ស្ដីពីការកសាងផែនការ ៥ឆ្នាំ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
៧-ការរៀបចំបុកសរុបផែនការលទ្ធកម្មខណ្ឌ ឆ្នាំ២០២០ និងផែនការកែតម្រូវ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៨-បញ្ហាផ្សេងៗ ។
ដោយឡែកថ្មីៗនេះ លោក សុខ ពេញវុធ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ដឹកនាំដោយលោក គឹម វុត្ថា ប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី៣ បានចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយ ផ្លូវលេខ១៧២និងចិញ្ចើមផ្លូវដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភយកមកប្រកបអាជីវកម្ម ។ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានធ្វើការកាត់ស្លាកយីហោ និងរុះរើរោងមួយចំនួនដែលសង់នៅលើចិញ្ចើមផ្លូវសាធារណៈនិងបានធ្វើការសំអាតអនាម័យបន្ថែមផងដែរ ៕ស តារា