ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលយោធាសហរដ្ឋអាមេរិកសម្លាប់បានមេដឹកនាំក្រុមភេរវកម្ម IS ឈ្មោះ Baghdadi នោះហើយ

ចែករំលែក៖

បណ្ដាញព័ត៌មាន Newsweek បានផ្សាយថាកងកម្លាំងសហរដ្ឋអាមេរិក ជឿជាក់ថា ពួកគេបានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi នោះហើយ នៅក្នុងប្រតិបត្តិការពិសេសមួយកាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2019។

ប្រតិបត្ដិការនេះត្រូវបានធ្វើឡើងដោយក្រុមប្រតិបត្ដិការពិសេសរួម ( Joint Special Operations Command’s Delta Team) បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ ដែលអាចធ្វើសកម្មភាពទៅបាន។

មន្រ្តីយោធាសហរដ្ឋអាមេរិកម្នាក់បានសង្ខេបអំពីលទ្ធផលប្រតិបត្តិការនេះ ប្រាប់ដល់ប្រភពព័ត៌មាន Newsweek ថា មេភេរវកម្ម Baghdadi ត្រូវបានសម្លាប់ រួចហើយនៅក្នុងការវាយឆ្មក់ ។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជូនព័ត៌មានទៅកាន់សេតវិមានថា ក្រសួងការពារជាតិមាន“ ទំនុកចិត្តខ្ពស់ ទៅលើគោលដៅដែលត្រូវបានសម្លាប់ គឺ ប្រហែលជាលោក Baghdadi នោះហើយ ប៉ុន្តែការបញ្ជាក់បន្ថែមទៀត គឺកំពុងរង់ចាំការធ្វើតេស្តិ៍ DNA និងជីវមាត្រសិន” ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាន អនុញ្ញាតយល់ព្រមលើបេសកកម្ម មួយនេះ ដែលមានរយៈពេលជិតមួយសប្តាហ៍ មុនពេលលទ្ធផលសម្រេចបានដូចខាងលើនេះ។

បន្ទាប់ពីប្រតិបត្តិការបានបញ្ចប់ ប្រធានាធិបតីអាមេរិកបានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមថា “មានអ្វីមួយធំណាស់ ទើបតែបានកើតឡើង!” ។

សេតវិមានបានប្រកាសនៅពេលក្រោយមកថាប្រធានាធិបតី ដូណាល់ ត្រាំ នឹងថ្លែងការណ៍សំខាន់មួយនៅថ្ងៃអាទិត្យ ទី 27 ខែតុលា ឆ្នាំ 2019វេលាម៉ោង ៩ ព្រឹក( ពេលវេលានៅក្នុងទឹកដីសហរដ្ឋអាមេរិក)។

សារព័ត៌មាន Fox News បានដកស្រង់ប្រភពពីយោធា សហរដ្ឋអាមេរិក បានបញ្ជាក់ថា ជាមេខ្លោងរបស់រដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi ត្រូវបានសម្លាប់ដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅ Idlib ទឹកដីប្រទេសស៊ីរី។

គួររំលឹកថា បណ្ដាញផ្សព្វផ្សាយព័ត៌មាននានា តែងតែបានផ្សាយថា លោក Abu Bakr al-Baghdadi មេដឹកនាំរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមនោះ ត្រូវបានសម្លាប់ម្តងហើយម្ដងទៀត ប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែមិនបានបញ្ជាក់ជាផ្លូវការ ម្ដងណានោះទេ៕


ចែករំលែក៖