ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ ឈ្មោះ រឿន ឡង់ឌី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានគំនិតអាក្រក់ទៅខ្ចីម៉ូតូគេយកទៅប្រចាំយកលុយទិញថ្នាំជក់បានរងការចាប់ខ្លួនពីកម្លាំអាវុធហត្ថ បន្ទាប់ពីជនសង្ស័យបានយកម៉ូតូ លើកទី២ ត្រូវម្ចាស់ម៉ូតូប្តឹងផ្ទួនៗ ក៏ត្រូវចាប់ខ្លួនបានតែម្តង នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ តាមការអះអាងរបស់ម្ចាស់ម៉ូតូបានប្រាប់ថា ជនសង្ស័យបានខ្ចីម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ពី ឈ្មោះ សំ សុធា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរីទៅបាត់ មិនឃើញយកម៉ូតូមកឲ្យវិញ ថ្ងៃបន្ទាប់ជនសង្ស័យបានមកខ្ចីម៉ូតូពីឈ្មោះ អន សុភក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតក្រោយពីមិនបានយកមកសងវិញ ជនរងគ្រោះបានដាក់ពាក្យប្តឹងអាវុធហត្ថចុះមកឃាត់បានភ្លាមៗ ហើយបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ ខាងលើពិតមែន ដោយខ្លួនយកម៉ូតូទៅដាក់បញ្ចាំលេងល្បែង និងទិញគ្រឿងញៀនជក់ ។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ចំណែកម៉ូតូរបស់ ឈ្មោះ អន សុភក្ត្រា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ហើយបានប្រគល់ជូនម្ចាស់ដើមវិញ រីឯម៉ូតូរបស់ឈ្មោះ សំ សុធា រកមិនទាន់ឃើញសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីយកមកប្រគល់ជូនម្ចាស់ដើមវិញ៕ សំ វិច្ឆិកា