ព័ត៌មានទាន់ហេតុការណ៍៖

សេពគប់មិត្តភក្តិជក់គ្រឿងញៀនខ្ចីម៉ូតូស៊ីដាច់២ដងយកទៅបញ្ចាំទិញថ្នាំញៀនទើបត្រូវបានចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖ ​យុវជន​ម្នាក់​ ឈ្មោះ រឿន ឡង់ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​​ មានគំនិត​អាក្រក់​ទៅ​ខ្ចី​ម៉ូតូ​គេ​យក​ទៅ​ប្រចាំ​យកលុយ​ទិញ​ថ្នាំជក់បានរងការចាប់ខ្លួនពីកម្លាំអាវុធហត្ថ បន្ទាប់ពីជនសង្ស័យបានយកម៉ូតូ​​ លើក​ទី​២ ​​ត្រូវម្ចាស់​ម៉ូតូ​ប្តឹង​ផ្ទួនៗ ​ក៏ត្រូវចាប់ខ្លួនបានតែម្តង  នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នៅមុន​ពេល​កើតហេតុ​នោះ​ តាម​ការ​អះអាង​របស់​ម្ចាស់​ម៉ូតូ​បាន​ប្រាប់ថា ​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ស​ ពី​ ឈ្មោះ សំ សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី​ទៅ​បាត់ មិន​ឃើញ​យក​ម៉ូតូ​មក​ឲ្យ​វិញ ថ្ងៃ​បន្ទាប់​ជនសង្ស័យ​បានមក​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ អន សុភ​ក្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ក្រោយពី​មិនបាន​យកមក​សង​វិញ ​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​អាវុធហត្ថ​ចុះមក​ឃាត់​បាន​ភ្លាមៗ​ ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

​លោក​វរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​នាក់ ខាងលើ​ពិតមែន ដោយ​ខ្លួន​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​លេងល្បែង និង​ទិញ​គ្រឿងញៀន​ជក់ ។​ ជនសង្ស័យ ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​។​

ចំណែក​ម៉ូតូ​របស់​ ឈ្មោះ អន សុភ​ក្ត្រា ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ ហើយ​បាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ រីឯ​ម៉ូតូ​របស់​ឈ្មោះ សំ សុធា រក​មិនទាន់​ឃើញ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​យក​មក​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕ សំ វិច្ឆិកា


ចែករំលែក៖