ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបញ្ជូនខ្លួនជនដៃដល់បាញ់សម្លាប់បងថ្លៃខ្លួនឯង ទៅឲ្យតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួនជនដៃដល់ដែលបាញ់សម្លាប់បងថ្លៃខ្លួន ឯង នៅខណ្ឌទួលគោក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី នៅព្រឹកថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ មាស ណារ៉ា អាយុ ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅកន្លែងកើតហេតុ។

សូមរំលឹកថា ករណីឃាតកម្មជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ ។ មុនពេលធ្វើសកម្មភាពជនដៃបានហៅបងថ្លៃទៅហូបស្រាបៀរហើយសង្ឈឹមថា លើកលែងគំនុំក្នុងចិត្ត ប៉ុន្តែបងថ្លៃរូបនោះ នៅតែនិយាយពាក្យសម្តីមិនល្អលើខ្លួនដដែលទើបខ្លួនទ្រាំមិនបានក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។

បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃខ្លួនរួចហើយ ជនដៃដល់បានជិះម៉ូតូទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ។ ជនដៃដល់បានចូលសារភាពនៅចំពោះសមត្ថកិច្ច ដោយអះអាងថា មូលហេតុដែលខ្លួនបាញ់បងថ្លៃបែបនេះ ព្រោះមានគំនុំពាក្យសម្តីជាង ១០ឆ្នាំមកហើយ និងមានសម្ពាធពីខាងគ្រួសារ ។ ហើយខ្ញុំហៅគាត់ហូបស្រាបៀរមួយកំប៉ុងទៅខ្ញុំថា ខ្ញុំលើកលែងឲ្យគាត់ ប៉ុន្ដែគាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត»។ ក្រោយពេលចូលសារភាពរួចហើយនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ ទៅកន្លែងធ្វើសកម្មភាពឃាតកម្ម ដើម្បីស្វែងរកកាំភ្លើងសម្រាប់ធ្វើសម្មភាពនៅក្នុងផ្ទះនោះដែរ សមត្ថកិច្ចបានរកឃើញក្រដាស A4 មួយផ្ទាំង ដែលជនសង្ស័យសរសេរជាអក្សរធំៗថា «ធ្វើអ្វីមិនចេះថ្នមដៃ ប្រយ័ត្នផុតលលាដ៍ក្បាល»។

ក្រោយពលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣វិញ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕ ជ្រោយពេជ្រ


ចែករំលែក៖