ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់យកកាំបិតកាប់ទៅលើគូបដិបក្ខឲ្យរបួស ក្នុងករណីហិង្សាដោយចេតនា កាលពីយប់ថ្ងៃទី២៨ តុលា ២០១៩ ម៉ោង២១និង៣០នាទី នៅតាមផ្លូវសហពន្ធ័រុស្ស៊ី ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីអធិការនគរបាលខណ្ឌសែនសុខ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វេន សំអាន អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់រថយន្ត ស្នាក់នៅក្នុងហាងលក់រថយន្តអិចអេសអូតូ ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ពេជ្រ សង្សា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមទីតាំងលក់រថយន្តអិចអេសអូតូ ស្នាក់នៅក្នុងហាងលក់រថយន្តអិចអេសអូតូ ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(របួសចុងឆ្អឹងជំនីខាងឆ្វេង០៣កាំបិត និងភ្លៅស្តាំ០១កាំបិត)។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសុសមៈ ចំណែកជនបង្កកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ