ដោយសារតែទំនាក់ទំនងតានតឹង ជុំវិញបញ្ហាកាស្មៀរ រដ្ឋាភិបាលប៉ាគីស្ថានមិនអនុញ្ញាត្តិឲ្យយន្តហោះដឹកនាយករដ្ឋមន្ត្រីឥណ្ឌា ហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួននោះឡើយ។សកម្មភាពខាងលើបានធ្វើឲ្យឥណ្ឌាប្តឹងប៉ាគីស្ថានឡើងទៅកាន់តុលាការ ICAO ក្រោយមិនអនុញ្ញាតឲ្យយន្តហោះដឹកនាយករដ្ឋមន្ត្រីឆ្លងកាត់។
រដ្ឋាភិបាលឥណ្ឌា បានដាក់ពាក្យបណ្តឹងឡើងទៅកាន់ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក្រោយប៉ាគីស្ថាន មិនអនុញ្ញាតឲ្យយន្តហោះដឹកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសនេះ ដើម្បីទៅកាន់ អារ៉ាប៊ីសាអូឌីត។
ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃទី២៨ខែតុលាថា រដ្ឋាភិបាលទីក្រុងញ៉ូវដេលីបានលើកយកបញ្ហាខាងលើទៅដោះស្រាយនៅអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ICAO ដោយសកម្មភាពរបស់ប៉ាគីស្ថាន គឺជាការបំពានច្បាប់ ផ្តល់អាទិភាពសម្រាប់យន្តហោះប្រមុខដឹកនាំប្រទេសនិមួយៗឆ្លងកាត់។
ឥណ្ឌា បានស្នើដល់ប៉ាគីស្ថាន អនុញ្ញាតឲ្យយន្តហោះដឹកនាយករដ្ឋមន្ត្រីម៉ូឌីឆ្លងកាត់ដែនអាកាស ប៉ាគីស្ថាន ដើម្បីទៅកាន់អារ៉ាប៊ី សាអូឌីតនៅថ្ងៃទី២៨ខែតុលាកន្លងមក។ ប៉ុន្តែប៉ាគីស្ថានបានបដិសេធ ។ នេះជាលើកទីពីរហើយដែលប៉ាគីស្ថានមិនអនុញ្ញាតឲ្យយន្តហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ហោះហើរនៅលើដែនអាកាសរបស់ខ្លួន ។ កាលពីខែកញ្ញាកន្លងមករដ្ឋាភិបាលទីក្រុងអិស្លាមម៉ាបាទ ក៏បានបដិសេធឲ្យយន្តហោះ របស់លោកម៉ូឌី ឆ្លងកាត់ទៅទៅកាន់អាមេរិកផងដែរ។
រដ្ឋាភិបាលទីក្រុងញ៉ូវដេលី បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេច ខ្វះពិចារណារបស់ប៉ាគីស្ថាន អាចនឹងធ្វើឲ្យទំនាក់ទំនងដែលកំពុងតែតានតឹងដោយសាបញ្ហាកាស្មៀរ កាន់តែតាន់តឹងខ្លាំងឡើង។ ការមិនអនុញ្ញាតឲ្យហោះខាងលើ ត្រូវបានឥណ្ឌាប្តឹងទៅកាន់ICAO៕