ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយទទួលបានជោគជ័យ ចិនគ្រោងបន្ត​បេសកកម្មទៅកាន់ឋានព្រះច័ន្ទជាបន្តទៀត​នៅឆ្នាំ២០២០

ចែករំលែក៖

កន្លងមកចិនទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យ ស្រាវជ្រាវ អវកាស​ពិសេស គឺ​ការបញ្ជូនយានទៅចុះចតនៅលើភពព្រះច័ន្ទដោយជោគជ័យ ។​ សារព័ត៌មាន CGTN បានផ្សាយថា ចិនគ្រោងចេញបេសកកម្ម Chang’e-5 ទៅកាន់ព្រះច័ន្ទនៅឆ្នាំ២០២០ ដើម្បីប្រមូលគំរូតាងយកមកកាន់ផែនដីវិញ។

បន្ទាប់ពីបេសកកម្ម Chang’e-4 ឥឡូវចិនគ្រោងបញ្ជូនយានបេសកកម្ម Chang’e-5 ថ្មីផ្សេង​ទៀត ទៅកាន់ផ្ទៃព្រះច័ន្ទ នៅ ឆ្នាំ២០២០។ លោក Wu Weiren ប្រធានរៀបចំបែបផែននៃ​កម្មវិធីរុករកឋានព្រះច័ន្ទរបស់ចិន បានឲ្យដឹង​ថា គ្រាប់រ៉ុក្កែត Long March-5 ដែល ជាគ្រាប់​រ៉ុក្កែតធំបំផុតរបស់ចិនសម្រាប់​បាញ់បង្ហោះ​យានអវកាស នឹងត្រូវប្រើប្រាស់ដើម្បី​បញ្ជូន​យាន Chang’e-5 ចេញពីផែនដី។ យ៉ាង​ណា​មិញ គ្រាប់រ៉ុក្កែត Long March-5 គ្រឿង ដែលប្រើប្រាស់កាលពីឆ្នាំ២០១៧ បានជួបបញ្ហា​ក្រោយពេលបាញ់បង្ហោះបាន ត្រឹម៦នាទីប៉ុណ្ណោះ។

ក្រុមវិស្វករផ្នែកអវកាសចិនបានចំណាយពេលជាងពីរឆ្នាំមកហើយ ដើម្បីស្វែងរកមូលហេតុ​នៃ​បង្កឲ្យវាជួបបញ្ហានាគ្រានោះ។ ទន្ទឹមគ្នានេះ គ្រាប់រ៉ុក្កែត Long March-5 ទីបី កំពុងតែ​ត្រៀមខ្លួនសម្រាប់បាញ់បង្ហោះ ខណៈជោគជ័យរបស់វា នឹងក្លាយជាគន្លឹះ ដ៏សំខាន់សម្រាប់​បេសកកម្មឆ្ពោះទៅកាន់ទីអវកាសនាពេលអនាគតរបស់ប្រទេសចិន ដោយរួមទាំង​បេស​កកម្ម Chang’e-5។

គួរជម្រាបថា បើតាមលោក Wu បេសកកម្ម Chang’e-5 នឹងរួមមានយានសម្រាប់ចុះចត (Lander), យានផ្កាយរណប (Orbiter), យានសម្រាប់ហោះឡើងចេញពីផ្ទៃព្រះច័ន្ទ (Ascender), និងយានវិលត្រឡប់ចុះមកកាន់ផែនដីវិញ (Returner)។ ចំណុចចម្បង នៃបេស​កកម្មនេះ គឺការប្រមូលគំរូតាងលើផ្ទៃះច័ន្ទ ការចាកចេញពីផ្ទៃព្រះច័ន្ទ ការឆ្ពោះ​ទៅតភ្ជាប់ជាមួយយានផ្កាយរណបវិញ និងការត្រឡប់ចូលមកក្នុងបរិយា​កាសផែនដី ដើម្បីចុះមកវិញ។

បេសកកម្មឋានព្រះច័ន្ទ​របស់ចិន នាពេលបច្ចុប្បន្នមាន៣ដំណាក់កាលរួមមាន ការទៅ​គោចរ​ជុំវិញ ការចុះចត និងការប្រមូលគំរូ តាងហើយត្រឡប់មកវិញ។ ពីដំណាក់កាលដំបូង គឺត្រូវបានសម្រេចរួចហើយដោយបេសកកម្ម Chang’e ជំនាន់មុនៗ ស្របពេល ដែលដំ​ណាក់កាលទី៣ គឺជាកិច្ចការរបស់បេសកកម្ម Chang’e-5 ដែលនឹងទៅប្រមូល​គំរូតាងនៃ​ដីព្រះច័ន្ទយ៉ាងតិច២គីឡូ ក្រាម រួច នាំយកពួកវាត្រឡប់មកកាន់ផែនដីវិញ។ ជាមួយគ្នានេះ ចិនក៏កំពុងតែគូសវាសនូវគម្រោងសម្រាប់ដំណាក់កាលទី៤ នៃបេសកកម្មរុករកឋានព្រះ​ច័ន្ទរបស់ខ្លួនថែមទៀត៕


ចែករំលែក៖