ព័ត៌មានទាន់ហេតុការណ៍៖

ការបាត់ខ្លួនស្រ្តីអង់គ្លេសម្នាក់នៅលើកោះរ៉ុង នៅតែស្ថិតក្នុងអាថ៌កំបាំងនិងងងឹតឈឹង

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ មកដល់ល្ងាចថ្ងៃ អង្គារ ២ កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៩ នេះការបាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យក្មេង​ម្នាក់​នៅលើ​ដែន​កោះរ៉ុងសន្លឹម​ស្ថិតក្នុង​ក្រុង​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​នៅ​ជា​អាថ៌កំបាំង និង នៅមិនទាន់រកឃើញ​នៅឡើយ​បើ​គិតពី​ថ្ងៃ​បាត់​ខ្លួន​មកមាន​រយៈពេល​៥​ថ្ងៃមក​ហើយ។

​តាមប្រភពពីមន្ត្រីរដ្ឋបាល​សាលាក្រុង​កោះរ៉ុង​បានឱ្យដឹងថា​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០១៩​ការរុកស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយរូប​ដែល​បាត់​ខ្លួន​នៅលើ​កោះរ៉ុង​នោះ​មិនទាន់​ប្រទះឃើញជនរងគ្រោះ​នៅឡើយទេ​ ​សូម្បីតែ​តម្រុយ​អ្វី​បន្តិច​ក៏​មិន​ទទួល​បានដែរ ទោះបីសមត្ថកិច្ចជំនាញគ្រប់ផ្នែកក្រោមការបញ្ជាផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមនឹងជនបរទេសជាច្រើននាក់ផងបានព្យាយាមដាក់គ្រប់មុខព្រួញដើម្បីស្វែងរកជនរងគ្រោះចំណាយពេលច្រើនថ្ងៃយ៉ាងណាក៏ដោយ  ។​

​មន្រ្តីដដែលបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់ផ្នែក​រួមជាមួយ​ក្រុម​អ្នក​ស្ម​គ្រ័​ចិត្ត​ផង​នៅតែបន្ត​ប្រតិបត្តិ​ការស្វែងរកជនរងគ្រោះនៅឡើយទាំងការ​ថ្មើរជើង​នៅលើ​ដីគោក​ក្នុង​តំបន់​ព្រៃភ្នំ​ផង​ និងលើផ្ទៃទឹកសមុទ្រផង ។​ ក្នុងនោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ពីលើ​អាកាស​ហើយ​នៅក្នុង​ទឹក​ក្បែរ​ឆ្នេរសមុទ្រ​ក៏មាន​ក្រុម​អ្នក​មុជទឹក​ស្វែងរក​ផងដែរ​។ ស្ថិតក្នុងភាពងងឹតស្លុងយ៉ាងនេះ លោក អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យកម្លាំងសង្រ្គោះទាំងអស់ត្រូវតែបន្តរុករកជនរងគ្រោះជាបន្តទៀត ដោយមិនត្រូវរុញរានោះឡើយ ។

​សូមរំលឹកថា ស្ត្រីជន​បរទេស​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ​AmeliaBambridge​អាយុ​២១​ឆ្នាំ​ ជាភ្ញៀវទេសចរ ។​ យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថាស្រ្តីរូបនេះ​បាន​បាត់​ដំណឹង​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះរ៉ុង​ចាប់ពី​វេលា​ម៉ោង​ជិត​៤​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែ ​តុលា ឆ្នាំ ​២០១៩​ ដែលមកដល់ពេលនេះមានរយៈពេល៥ថ្ងៃមកហើយ ។​

គេមិនទាន់​ដឹងថាករណីនេះ​ជាការ​វង្វេង​ដូច​ករណី​ជនបរទេស​ខ្លះ​ធ្លាប់​វង្វេង​បាត់​ក្នុងព្រៃ​លើ​កោះ​កន្លងមក ឬ​ដោយហេតុ​ការណ៍​ណាមួយផ្សេងនោះទេ​ ហើយសមត្ថកិច្ចក៏នៅមិនទាន់បង្ហើបឲ្យដឹងដាក់ការសង្ស័យលើអ្វីដែរ ៕ ឆ្លាមសមុទ្រ​


ចែករំលែក៖