ខេត្តព្រះសីហនុ៖ មកដល់ល្ងាចថ្ងៃ អង្គារ ២ កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៩ នេះការបាត់ខ្លួនស្ត្រីជនជាតិអង់គ្លេសវ័យក្មេងម្នាក់នៅលើដែនកោះរ៉ុងសន្លឹមស្ថិតក្នុងក្រុងកោះរ៉ុងខេត្តព្រះសីហនុនៅជាអាថ៌កំបាំង និង នៅមិនទាន់រកឃើញនៅឡើយបើគិតពីថ្ងៃបាត់ខ្លួនមកមានរយៈពេល៥ថ្ងៃមកហើយ។
តាមប្រភពពីមន្ត្រីរដ្ឋបាលសាលាក្រុងកោះរ៉ុងបានឱ្យដឹងថាគិតមកត្រឹមល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ការរុកស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូបដែលបាត់ខ្លួននៅលើកោះរ៉ុងនោះមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយទេ សូម្បីតែតម្រុយអ្វីបន្តិចក៏មិនទទួលបានដែរ ទោះបីសមត្ថកិច្ចជំនាញគ្រប់ផ្នែកក្រោមការបញ្ជាផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមនឹងជនបរទេសជាច្រើននាក់ផងបានព្យាយាមដាក់គ្រប់មុខព្រួញដើម្បីស្វែងរកជនរងគ្រោះចំណាយពេលច្រើនថ្ងៃយ៉ាងណាក៏ដោយ ។
មន្រ្តីដដែលបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែករួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តផងនៅតែបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះនៅឡើយទាំងការថ្មើរជើងនៅលើដីគោកក្នុងតំបន់ព្រៃភ្នំផង និងលើផ្ទៃទឹកសមុទ្រផង ។ ក្នុងនោះមានការប្រើប្រាស់កាមេរ៉ាពីលើអាកាសហើយនៅក្នុងទឹកក្បែរឆ្នេរសមុទ្រក៏មានក្រុមអ្នកមុជទឹកស្វែងរកផងដែរ។ ស្ថិតក្នុងភាពងងឹតស្លុងយ៉ាងនេះ លោក អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យកម្លាំងសង្រ្គោះទាំងអស់ត្រូវតែបន្តរុករកជនរងគ្រោះជាបន្តទៀត ដោយមិនត្រូវរុញរានោះឡើយ ។
សូមរំលឹកថា ស្ត្រីជនបរទេសដែលបាត់ខ្លួននេះឈ្មោះAmeliaBambridgeអាយុ២១ឆ្នាំ ជាភ្ញៀវទេសចរ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាស្រ្តីរូបនេះបានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៩ ដែលមកដល់ពេលនេះមានរយៈពេល៥ថ្ងៃមកហើយ ។
គេមិនទាន់ដឹងថាករណីនេះជាការវង្វេងដូចករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍ណាមួយផ្សេងនោះទេ ហើយសមត្ថកិច្ចក៏នៅមិនទាន់បង្ហើបឲ្យដឹងដាក់ការសង្ស័យលើអ្វីដែរ ៕ ឆ្លាមសមុទ្រ