ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងអាប៉ោងបៀរមានលក្ខណៈជាទ្រង់ទ្រាយធំ ដោយមានអ្នកចូលលេងដល់ខ្នាតខ្ទង់ពាន់ ខ្ទង់មុឺដុល្លារក៏មាន ហើយមិនខ្លាចសមត្ថកិច្ចណាបង្ក្រាបនោះទេ ព្រោះម្ចាស់ទីតាំងនោះត្រូវបានគេស្គាល់ឈ្មោះ ឡុក ឡៃ ដែលជាយោធាពាក់ស័ក្ដិ៤ម្នាក់ បានរត់ការជាមួយអាជ្ញាធរគ្រប់លំដាល់ថ្នាក់ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថ្មីៗនេះ ។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានសម្តែងការព្រួយបារម្ម និងមិនសប្បាយចិត្តនៅពេលឃើញមន្ដ្រីយោធាម្នាក់ មានបុណ្យស័ក្ដិសុីប្រាក់ខែពីរដ្ឋហើយ បែរជាមិនយកពេលវេលាទៅបម្រើការងាររដ្ឋ បែរជាឆ្លៀតឱកាសយកបុណ្យស័ក្ដិនិងតួនាទីមកកាងបើកឲ្យមានការលេងល្បែងសុីសង បង្កការរំខានក៏ដូចជាប្រឆាំងទៅនឹងគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពរបស់រាជរដ្ឋាភិបាលទៅវិញ ។
សកម្មភាពបែបនេះបានធ្វើពលរដ្ឋក្នុងមូលដ្ឋាននោះមានការខកចិត្តយ៉ាងខ្លាំងទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាពិសេសមន្ដ្រីនិងអាជ្ញាធរ នៅសង្កាត់ស្ទឹងមានជ័យ៣នោះតែម្ដង ព្រោះពួកគេ មិនហ៊ានធ្វើការបង្រ្កាបឡើយទុកបណ្តោយឲ្យលេងទាំងយប់ទាំងថ្ងៃគ្មានកោតញញើតសមត្ថកិច្ចអីបន្ដិចឡើយ ។
យោងតាមប្រភពច្បាស់ការពីពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងទៀតថា មានផ្ទះបើកល្បែងសុីសងលេងអាប៉ោងដ៏ធំមួយនេះ គឺដំណើរការលេងទាំងយប់ទាំងថ្ងៃជាយូរមកណាស់ហើយ ដោយមានមន្រ្តីយោធាម្នាក់យកអំណាចរបស់ខ្លួនមកបើកល្បែងសុីសង អាប៉ោងបៀរលេងយ៉ាងគគ្រឹកគគ្រេងមិនថាយប់មិនថាថ្ងៃ ដោយពលរដ្ឋមានការសង្ស័យថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ អាចនឹងមានហ៊ុនហយផងដែរមើលទៅ បានជាមិនរវល់បង្ក្រាបសោះនោះ ។
ពាក់ព័ន្ធនិងបញ្ហានេះ ពលរដ្ឋបានសំណូមពរដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគេបាលរាជធានីភ្នំពេញ និងលោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ សូមអស់លោក មេត្តាប្រើវិធានការក្ដៅដាក់បទបញ្ជាចុះត្រួតពិនិត្យទីតាំងផ្ទះបើកល្បែងសុីសងលេងអាប៉ោងបៀរដ៏ធំមួយនេះផង បើកមានការបើកលេងនិងភ្នាល់ចាក់លុយខ្នាតធំពិតប្រាកដនោះ ។
ដោយឡែកពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបំភ្លឺពីលោក ឡុក ឡៃ ដែលពលរដ្ឋអាះអងថាជាយោធាពាក់ស័ក្ដិ៤នោះបានទេ ព្រោះគ្មានលេងទូរស័ព្ទ ហើយបើសិនសាមីខ្លួនចង់ឆ្លើយបំភ្លឺអង្គភាពយើងរង់ចាំទទួល ៕ភារ៉ា ដង្កោ