ភ្នំពេញ: នៅល្ងាច ថ្ងៃអង្គារ ០២កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ៕