ខេត្តព្រះសីហនុៈ ហាងលក់បរិក្ខារអគ្គិសនី ជនជាតិចិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីឯករាជ្យស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងក្នុងរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗពីរថយន្តបង្ការ និងពន្លត់អគ្គិភ័យរបស់អង្គភាពកំពង់ផែស្វយ័តខេត្តព្រះសីហនុ-រថយន្តបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងរថយន្តយោធា(ង៧០)ចំនួន៧រថយន្តសហការគ្នាក្នុងការបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន២២ រថយន្ត ភ្លើងក៏បានរលត់ទៅវិញមិនអាចឆេះឆ្លងរាលដាលទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការងទទួលផែនបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២១និង១៥ នាទីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដោយសារតែឆ្លងចរន្តអគ្គីសនីនៅក្នុងហាងលក់ដូរយីហោខាងលើជាកម្មសិទ្ធរបស់ឈ្មោះប៊ូ សុខ ជួលឲ្យជនជាតិចិនបើកហាងលក់បរិក្ខារអគ្គីសនី។
ដោយសារតែឆ្លងចរន្តអគ្គិសនីបង្កឲ្យមាន ជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីកើតហេតុភ្លាមៗ និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាអន្តរាគមន៍ទប់ស្កាត់ឲ្យបានទាន់ពេលវេលាក្នុងកិច្ចការសង្គ្រោះដល់ម្ចាស់ហាង និងទប់ទល់ស្ថានភាពអណ្តាតភ្លើងមិនឲ្យឆេះឆ្លងរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងរថយន្តបង្ការ និងពន្លត់អគ្គិភ័យរបស់អង្គភាពកំពង់ផែស្វយ័តខេត្ត រថយន្តបង្ការនិងពន្លត់អគ្គីភ័យយោធាង(៧០ ) សរុប៧រថយន្ត បានអន្តរាគមន៍យ៉ាយកចិត្តទុកដាក់ក្នុងការបាញ់ទឹកពន្លត់អស់ចំនួន២២រថយន្តទើបគ្រប់គ្រងស្ថានភាពនៃការឆាបឆេះហាងខាងលើមិនឲ្យឆេះឆ្លងរាលដាលបន្ថែមទៀតបានតែគួរឲ្យសោកស្តាយដោយសារតែទំហ៊ុំនៃការឆាបឆេះលឿនជាមួយនិងបរិក្ខារអគ្គីសនីមានជាតិជ័រជាច្រើនដែលអាចងាយឆាបឆេះ នៅក្នុងហាងខាងលើនេះអណ្តាតភ្លើងបានបង្កើនសន្ទុះឆាបឆេះសម្ភារៈនិងហាងអស់តែម្តង កម្លាំងអន្តរាគមន៍ក្នុងការបាញ់ទឹកបានប្រឹងប្រែងអស់ពីសមត្ថិភាពបានត្រឹមទុបស្កាត់មិនអាចឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុតែប៉ុណ្ណោះដោយប្រើប្រាស់អស់រយៈពេល២ម៉ោងភ្លើងដែលឆាបឆេះក៍បានរលត់ទៅវិញ។
នៅក្នុងសកម្មភាពប្រតិបត្តិការអន្តរាគមន៍ ក្នុងការបាញ់ទឹកពន្លត់អគ្គីភ័យជាលើកទី២ក្រោយរយៈពេល៤៨ម៉ោងបន្ទាប់ពីហេតុការណ៍ឆាបឆេះតូបលក់ដូរកាលពីថ្ងៃទី៣១កន្លងមក ហើយនៅក្នុងហេតុការខាងលើមិនបណ្តាលឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់.ស្រាល ឬបាត់បង់ដល់អាយុជីវិតមនុស្សទេ៕ ឆ្លាម សមុទ្រ