ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនមួយគ្រឿងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ និងមួយគ្រឿងទៀតរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ ហើយនៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០កែងនឹងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបុរសជនជាតិខ្មែរម្នាក់រួមដំណើរជាមួយប្រុសស្រីជនជាតិចិន៣នាក់ទៀត បើករថយន្តហុីយ៉ាន់ដាយស្តារុិចពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AV-9486 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិច ចំណែកមួយគ្រឿងទៀតម៉ាករថយន្តតូយ៉ូតាព្រូសពណ៌ទឹកសមុទ្រពាក់ស្លាកលេខ ភ្នំពេញ 2BB-5475 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយស្តារិចរេចង្កូចទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋរងរបួសពីរនាក់ ចំណែករថយន្តតូយូតាព្រូសរេចង្កូតទៅបុកជញ្ជាំងផ្ទះសំណាងល្អម្ចាស់មិនមានរងរបួស ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ