ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបរជាលក្ខណៈគ្រួសារ មានប្រុសមានស្រី ទើបនឹងចេញពីបុណ្យកឋិនទាន បានបើកជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាត់អស់មួយកង់ រថយន្តបើកមុខទៅលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តម៉ាកតីយ៉ូតាកាមរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-7125 ជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ទើបនឹងចេញពីបុណ្យកឋិនទាន នៅខេត្តព្រៃវែង គោលបំណងបើកទៅស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បាននារេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបើកមុខទៅលែងរួច ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖