ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិក អាចប្រឈមនឹងបញ្ហា គ្រោះថ្នាក់ក្រោយ សម្លាប់ មេដឹកនាំក្រុមភេរវក្ម​ IS 

ចែករំលែក៖

ក្រោយការស្លាប់របស់មេដឹកនាំភេរវកម្ម Abou Bakr Al-Baghdadi ក្រុម​IS ​ក៏បានជ្រើសរើស មេដឹកនាំថ្មីដើម្បីបន្តសកម្មភាព ។ សេចក្តីប្រកាស​ ​ក្រោយ​ពី​សហរដ្ឋអាមេរិក​ប្រាប់​ពិភពលោក​ ថាថ្នាក់​ដឹកនាំ​កំពូល​IS​ ត្រូវ​បាញ់​ស្លាប់​ក្នុងប្រតិបត្តិការ​វាយ​ប្រហារ​​អាមេរិក នៅភាគ​ខាង​ជើង​​ស៊ីរី​។ ភ្លាមៗ បន្ទាប់ពី​ប្រកាស​ឈ្មោះ​តែងតាំង​រួចហើយ, ក្បាល​ម៉ាស៊ីន​IS​ថ្មី ប្រកាស​សងសឹង​អាមេរិក​តែម្តង។​ 

ក្នុង​សេចក្តីថ្លែងការណ៍​ជា​សំឡេង​​របស់ខ្លួន​ ពួក​ជីហាត​តាមរយៈ​អ្នក​នាំពាក្យ​ថ្មី បាន​​បញ្ជាក់​បីចំណុច​សំខាន់​ ប្រាប់​ទៅ​ដល់​អ្នក​ដើរ​តាម​មនោគមវិជ្ជាជ្រុល​និយម​ជីហាត​ ថាទី១ គឺ​ពួក​គេ​យំ​សោកស្តាយ និង​ទទួល​ស្គាល់​ការ​ស្លាប់​របស់​Abou Bakr Al-Baghdadi មេដឹកនាំ​ចាស់ ដែល​ធ្លាប់ត្រូវ​បច្ចិមលោក​​ប្រកាស​ថា​ស្លាប់​ច្រើន​ដង​មកហើយ តែ​ពេល​នេះ គឺ​ពិត​ជា​ស្លាប់​ពិតប្រាកដហើយ។ ទី២ គឺ​ជីហាត​តែងតាំង​មនុស្ស​ថ្មី​មកជំនួស​ ហើយចំណុច​​ទី​៣ គឺ​ប្រកាស​សង​សឹក​អាមេរិកតាម​គ្រប់​មធ្យោបាយ​ ​ហើយ​និង​រក​ផ្លូវ​រំដោះ​បក្សពួក​ជីហាត​ ដែល​កំពុងតែជាប់​ឃុំ​ឃាំង​នៅ​ក្នុង​គុក​និងមន្ទីរ​ឃុំ​ឃាំង​នានា ពិសេស​គឺនៅ​ស៊ីរី។ នេះបើតា​ម​សេចក្តី​បញ្ជាក់​នៅក្នុង​សារ​ជា​សំឡេង​តាមប្រព័ន្ធ​​តេឡេក្រាម រយៈ​ពេល​៧នាទី​ ដែល​ប៉ូលីស​​ស៊ើប​អង្កេត​ចាប់​​​យក​បាន​។

មេដឹកនាំ​ថ្មី​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត មា​នឈ្មោះថា Abou Ibrahim Al-Hachimi Al-Qourachi។  នៅក្នុង​ពេ​លនេះ គេបាន​ដឹង​និង​បាន​​ស្គាល់​តិចតួច​បំផុត​ពី​មេជីហាត​ថ្មីនេះ។ តែបើ​តាម​អ្នក​ជំនាញ​ជន​ជាតិ​អ៊ីរ៉ង់​​ដែល​តាម​ដាន​ដិត​ដល់​ពី​សំណុំ​រឿង​ជីហាត, គឺ​គេ​គ្រាន់តែ​ធ្លាប់​ដឹង​ថា Abou Ibrahim Al-Hachimi Al-Qourachi មេជីហាតថ្មី គឺជាអ្នក​​កាប់កាន់​និង​ជាអ្នក​សម្រេច​ខាង​ច្បាប់​ទម្លាប់ធម៌វិន័យ​អ៊ីស្លាមជ្រុល​និយម​របស់​ក្រុមជីហាត​នេះ ហើយ​ក៏​ជា​អាច​អ្ន​ក​សម្រេច​កាត់ទោស​មនុស្ស​នៅ​ក្នុង​ក្រុម​ផង​ដែរ។ ក្រៅពីនេះ គេ​ហាក់មិន​បាន​ដឹង​ឮអ្វី​ច្រើន​ទេ ពី​បុគ្គល​រូបនេះឡើយ​។

ក្បួនរថយន្តដឹកទាហានអាមេរិក នៅតាមផ្លូវចាកចេញពីប្រទេសស៊ីរី រងការបាញ់ប្រហារ ​ស្ថិតនៅតំបន់ គ្រប់គ្រងដោយកម្លាំងទាហានស៊ីរី ។ ក្បួនរថយន្តខាងលើ​ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់ ក៏ត្រូវកម្លាំងទាហាន​ស៊ីរី​ FSA ​គាំទ្រដោយតួកគីវាយប្រហារ។

សារព័ត៌មាន​ RT ​របស់រុស្ស៊ី​បានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ការវាយប្រហារទៅលើក្បួនរថយន្តយោធាអាមេរិកកើតឡើងនៅថ្ងៃទី​៣ ខែវិច្ឆិកា ពេលកំពុងតែចាកចេញឆ្ពោះទៅកាន់អ៊ីរ៉ាក់តាមបទបញ្ជារបដស់ប្រធានាធិបតីដូណាលត្រាំ ។ 

ក្បួនរថយន្តយោធាអាមេរិក ធ្វើដំណើរនៅតាមមហាវិថី​M4 ​នៅតាមបណ្តោយព្រំដែនស៊ីរីតួកគី​ ក្នុងតំបន់គ្រប់គ្រងដោយទាហានតួកគី ។ បច្ចុប្បន្នទាហានអាមេរិកនៅក្នុងប្រទេសស៊ីរី​ មិនទាន់ដកចេញរួចរាល់នៅឡើយទេ ក្នុងរយៈពេល​១ខែហើយដែលប្រធានាធិបតីដូណាលត្រាំ បញ្ជាឲ្យដកទាហាន​១ពាន់នាក់​នៅភាគខាងជើងស៊ីរី ឆ្ពោះទៅកាន់អ៊ីរ៉ាក់ តាំងពីថ្ងៃទី​៨ខែតុលា ។

ក្រៅពីនេះ​អាមេរិក ក៏បានដាក់ទាហានមួយចំនួន​នៅក្នុងខេត្ត​ Deir Ez Zor ​ភាគឦសាន្តនៃប្រទេសស៊ីរី​ដើម្បីការពារ អណ្តូងប្រេង​ ដែលអាមេរិកកំពុងតែខួងយក។ សកម្មភាពខាងលើ របស់អាមេរិក រងការចោទប្រកាន់ថាកំពុងតែលួចប្រេង របស់ប្រទេសស៊ីរី ។

ជមួយគ្នានេះ កងទ័ពរុស្ស៊ី និង តួកគី បំពេញប្រតិបត្តិការល្បាតរួមគ្នា នៅប៉ែកឦសាន ប្រទេសស៊ីរី ក្នុងគោលដៅ បញ្ជាក់ឱ្យបានច្បាស់ថា កងកម្លាំងគួឌីស្ថានស៊ីរី បានដកចេញមែន ពីតំបន់ ព្រំដែននោះ ស្របនឹងកិច្ចព្រមព្រៀង ចុះរវាង ក្រុង អង់ការ៉ា និង ម៉ូស្គូ ថ្ងៃ ២២ តុលា នៅក្រុងរុស្ស៊ី Sotchi ។

ស្របនឹងកិច្ចព្រមព្រៀងនេះ ចុះដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និង សមភាគីតួកគី លោក Recep Tayyip Erdogan កងសេនាជនខាងការពារប្រជាជនគួឌីស្ថានស៊ីរី  ហៅកាត់ថា YPG បាន មានពេលរហូតដល់ម៉ោង ១៥ ម៉ោងសាកល ថ្ងៃអង្គារ ២៩ តុលា ដើម្បីដកចេញឱ្យអស់ ពីទីតាំងខ្លួននៅ ជាប់នឹង ព្រំដែនតួកគី ចូលទៅក្នុងដែនដីស៊ីរី ជម្រៅដល់ ៣០ គម។ ពិតជា កិច្ចព្រមព្រៀងនេះ ដែលបាន ផ្អាក ការវាយលុក របស់តួកគី ទៅលើកងកម្លាំងគូដស៊ីរី។

នៅថ្ងៃអង្គារនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigu បានអះអាងថា ការដកចេញនៃ កង សេនាជនគួដ បានចប់សព្វគ្រប់ ដូចដែលមានប្រមើលដោយកិច្ចព្រមព្រៀង។ ពីរថ្ងៃក្រោយមក នៅថ្ងៃ ៣១ តុលា លោក អ៊ែរដូហ្កាន បានថ្លែងថា តួកគីអាចផ្ទៀងផ្ទាត់មើល តើកងសេនាជនគួដ បានដកចេញអស់មែន ឬក៏ទេ? លទ្ធផលនឹងបង្ហាញឱ្យឃើញ ដោយសារប្រតិបត្តិការល្បាតរួមគ្នានៃ កងទ័ពតួកគី និង រុស្ស៊ី។   

កងទ័ពរុស្ស៊ី ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន លំអិតថា ៖ ប្រតិបត្តិការល្បាតនេះ បំពេញដោយ យានយន្ដ  ពាសដែករុស្ស៊ី និង តួកគី សរុបទៅ ៩ គ្រឿង ហើយសន្តិសុខក្បួនយានយន្ដនេះ ធានាដោយ រថពាសដែក រុស្ស៊ី ធុន BTR-82 នៅតាមបណ្តាយផ្លូវជាង ១១០ គីឡូម៉ែត្រ។

បើជាផ្លែផ្កានៃយុទ្ធនាការវាយលុកពីរលើកមុន តួកគី ដណ្តើមយកបានដែនដីទាំងផ្ទាំងៗ នៅត្រើយខាងលិច ទន្លេ Euphrate នោះ យុទ្ធនាការវាយលុកលើកនេះ ដែលបានចាប់ផ្តើមថ្ងៃ ៩ តុលា បានអនុញ្ញាតឱ្យតួកគី ពង្រីក វត្តមានខ្លួន នៅត្រើយខាងកើតនៃទន្លេនេះ ទាល់តែក្រុងអង់ការ៉ា សម្រេចប្រកាសប្រែឱ្យទៅជា តំបន់សន្តិសុខ គឺ តំបន់បណ្តោយ ១២០ គម និង ជម្រៅដល់ ៣០ គីឡូម៉ែត្រ ពី ព្រំដែនតួកគី ចូលក្នុង ដែនដីស៊ីរី ដើម្បីជា ទ្រនាប់ ញែក ឱ្យនៅដាច់ពី កងកម្លាំងគួឌីស្ថានស៊ីរី YPG ដែល តួកគី ចាត់ទុកជា ពួកភេរវជន ប៉ុន្តែ តាមពិត ជា សម្ព័ន្ធ មិត្ត ទេតើ របស់បស្ចិមប្រទេស ក្នុងការប្រយុទ្ធទល់នឹង ពួកជីហាដ នៃ អង្គការភេរវនិយម រដ្ឋអ៊ីស្លាម

លោកអគ្គលេខាធិការ អសប Antonio Gutteres បានចង្អុលឱ្យឃើញថា គាត់នឹងពិនិត្យមើល សំណើ នេះ ដោយសង្កត់ធ្ងន់លើ ការគោរពជាចាំបាច់តាម បណ្តាគោលការណ៍ជាមូលដ្ឋាន ដែលចែងអំពីការវិល ត្រឡប់ដោយស្ម័គ្រចិត្តមែនពិត និង យ៉ាងស័ក្តិសម នៃជនភៀសខ្លួន ទៅស្រុកកំណើតរបស់គេវិញ៕

 


ចែករំលែក៖