ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង​២៥០នាក់ដោយបាតុកម្មនៅអ៊ីរ៉ាក់ ប្រធានាធិបតី រៀបចំបោះឆ្នោតជាថ្មី

ចែករំលែក៖

វិវាទនយោបាយនៅក្នុងប្រទេសអីរ៉ាក់កាន់តែធ្ងន់  ដោយបាតុកម្មធ្វើឡើងតាំងពីខែតុលា រហូតមកដល់ខែវិច្ឆិកា នេះ បណ្ដាលឲ្យមនុស្សជាង២៥០នាក់ស្លាប់ និងរងរបួសប្រហែលមួយម៉ឺននាក់ ហើយនៅពេលនេះ ក្រុមបាតុករ កំពុងនាំគ្នាបិទផ្លូវ ខណៈប្រធានាធិបតី នៃប្រទេសនេះ កំពុងតែរៀបចំច្បាប់បោះឆ្នោតថ្មី។

លោក Adel Abdul Mahdi នាយករដ្ឋាមន្រ្ដីអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ម្សិលមិញ ​បានអំពាវនាដល់ក្រុមបាតុករ​ ជួយរក្សាជីវភាព នៅទូទាំងប្រទេស​ឲ្យធម្មតាឡើងវិញ ព្រោះការធ្វើឲ្យចលាចល នៅទូទាំងប្រទេសបែបនេះ វានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិរាប់ពាន់លាន​ដុល្លារអាមេរិក។ ការតវ៉ា ដែលធ្វើឲ្យរញ្ជួយដល់ប្រព័ន្ធនយោបាយនេះ នឹងធ្វើឲ្យពួកគេសម្រេចគោលបំណង តែត្រូវបញ្ឈប់នូវបញ្ហាណាដែលនាំឲ្យប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្ដី បានគំរាម ថា ការចលាចលនេះ នឹងនាំឲ្យទំនិញឡើងថ្លៃ ហើយសកម្មភាពទាំងនេះ ក៏កំពុងតែគំរាមកំហែងដល់ចំណូលពីវិស័យប្រេងផងដែរ។ ដោយឡែកការតវ៉ាបិទផ្លូវ​ទៅកាន់កំពង់ផែរបស់ក្រុមបាតុករនោះ ក៏នឹងធ្វើឲ្យខាតបង់ប្រាក់ចំណូលជាតិរាប់ពាន់លានដុល្លាអាមេរិកថែមទៀតផង។

បើទោះជារដ្ឋាភិបាល បានប្រកាសឲ្យបញ្ឈប់ការធ្វើបាតុកម្មយ៉ាងណាក្ដី តែរហូតមកដល់ពេលនេះ ក្រុមបាតុករ នៅតែបន្ដបិទផ្លូវ ដោយបន្លាលួស និងដុតកង់រថយន្ដ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល ឲ្យលាលែងពីតំណែង។ ការធ្វើបាតុកម្ម នៅទូទាំងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ នោះ គឺមុនដំបូង ក្រុមបាតុករ បានធ្វើបាតុកម្មដោយអហិង្សា តវ៉ាប្រឆាំងនឹងការអត់ការងារធ្វើ  សេវាកម្មសាធារណៈរយីករយាក ឬទន់ខ្សោយ និងអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាល។ ប៉ុន្ដែ​ការតវ៉ារបស់ពួកគេ ក៏ត្រូវកងកម្លាំងសន្ដិសុខបង្ក្រាបយ៉ាងចាស់ដៃ រហូតបណ្ដាលឲ្យមានមនុស្សស្លាប់ ប្រហែល​ជាង២៥០នាក់ និងរបួសប្រហែលជិត១ម៉ឺននាក់ ក្នុងនោះមានទាំងកម្លាំងរបស់រដ្ឋាភិបាល​​ផងដែរ។

ដោយសារតែការបាតុកម្មនេះ បានធ្វើឲ្យរញ្ជួយដល់ប្រព័ន្ធនយោបាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ទើបរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់ ដោយរួមទាំងធ្វើវិសោធនកម្មទៅលើច្បាប់បោះឆ្នោតផងដែរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ការកែទម្រង់នោះ​ ក៏នៅតែមិនបានធ្វើឲ្យពេញចិត្តពេញថ្លើម​ដល់ក្រុមបាតុករនោះដែរ។ ពួកគេបានបន្ដបិទផ្លូវទៅកាន់កំពង់ផែ និងផ្លូវសំខាន់ៗទៀត ខណៈប្រធានាធិបតីកំពុងតែរៀបចំច្បាប់បោះឆ្នោតថ្មី។ ការធ្វើបាតុកម្មដ៏ខ្លាំងក្លា នេះបានផ្ទុះឡើងជាថ្មី បន្ទាប់ពីកងកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាល បានបាញ់កាំភ្លើងគ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ។

លោក Mohammed Al Ani  រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែង កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ម្សិលមិញថា សកម្មភាពនាំស្បៀងអាហារ និងផលិតផលផ្សេងៗទៀត នៅក្នុងកំពង់ផែ  Umm Qasr ត្រូវបានពន្យារពេល បន្ទាប់ពីក្រុមអ្នកតវ៉ាបិទផ្លូវ នៅភាគខាងត្បូង នៃទីក្រុងបាស្រា (Basra) ៕


ចែករំលែក៖