ប្រទេសថៃៈ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ដែលបានប្រារព្វពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែក ព្រះរាជា ណាចក្រថៃ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីនេះ គឺមានការយាង និងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ដេីម្បីធ្វើការពិនិត្យពិភាក្សាទៅលើរបៀបវារ: ដែលបានគ្រោងទុក។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានស្តាប់នូវរបាយការណ៍លើកឡើង ពីប្រមុខប្រមុខរដ្ឋាភិបាល នៃប្រទេសបូកបី ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការដាក់ចេញ នូវផែនការយុទ្ធសាស្រ្តសម្រាប់បណ្តាឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនឹងប្រទេសបូកបី។
មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានានា ដែលទាក់ទិនទៅនិងវិស័យសុខាភិបាល បញ្ហាជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធផ្សេងៗ ដែលមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូចគ្នា។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ទៅកាន់ប្រទេសបូកបីថា កម្ពុជាឥឡូវនេះគឺជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់កិច្ចចរចា លើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើ ពាណិជ្ជកម្មសេរីដ៏មានសារសំខាន់ នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព សេដ្ឋកិច្ចពិភពលោក។ សម្តេចក៏បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្ត ទុកដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាម រយៈការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍធនធានមនុស្ស ដល់ ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍន ភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី សម្រេចបានក្នុងរយ:ជាង២០ឆ្នាំកន្លងទៅ ពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយនឹងប្រទេសបូកបី ក្នុងនោះ កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លាអាមេរិក ស្មើនិង៣១,៦ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ក្នុងឆ្នាំដដែលនោះដែរ ទុនវិនិយោគផ្ទាល់ពីបរទេស ហូរចូលប្រទេសបូកបី និងចូលអាស៊ាន ឡើងដល់ ២៩,៩ ប៊ីលាន ដុល្លា ស្មើនិង២១,៨ភាគរយ នៃទុនវិនិយោគផ្ទាល់ពីបរទេសរបស់អាស៊ាន។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់មេដឹក នាំទាំងអស់ ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពីសារ:សំខាន់នៃវេទិកា ដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើកកម្ពស់បរិយាកាស អំណោយផលដល់កិច្ចពិភាក្សាប្រកបដោយសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-បូកបី លេីកទី២២នេះ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពី ការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានធ្វើការកត់សំគាល់របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) កត់សំគាល់អនុស្សារណះលេខ ១៦ នៃបណ្តាក្រុមអ្នកវិភាគអាស៊ីបូព៌ា និងកត់សំគាល់ របាយការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ និងឯកសារគោលនយោបាយរបស់ការិយាល័យអាស៊ានបូកបី ស្តីពីការស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច៕