នាពេលព្រឹកព្រលឹម ក្រោយពីធាក់កង់ហាត់ប្រាណហត់ នាយជាលខ្ញុំ បានឆុងតែមួយប៉ាន់មកផឹកដើម្បីឲ្យបែកញើសកាន់តែខ្លាំងសម្រួលដល់សុខភាព ។ គ្រាន់តែលើកតែផឹកបានមួយក្អឹកប៉ុណ្ណោះ ស្រាប់តែទូរស័ព្ទរខ្ញុំរោទិ៍ស្ទើរបែកក្រដាសត្រចៀក ព្រោះខ្ញុំប្រើទូរស័ព្ទទំនើបធុនអិនចុចពិលដាក់សំឡេងឮខ្លាំង ជំនួយត្រចៀកថ្លង់ ។ ដោយចង់ដឹងថា អ្នកណាមានការអីទូរស័ព្ទមករកទាំងព្រឹកដូច្នេះ ? ខ្ញុំបានលើកទូរស័ព្ទមកមើលលេខ ទើបដឹងថា ទូរស័ព្ទនេះជារបស់ អាសម្លាញ់ ចេវ រស់នៅខេត្តកំពង់ចាម ។ ខ្ញុំក៏ប្រញាប់ចុចទទួល
– អាឡូ ! មានការអីអាកយ ? ឯងសុខសប្បាយទេ ?
- សុខ និងទុក្ខជារឿងធម្មតាទេអាក្លើ ចុះឯងនិងប្រពន្ធកូនសុខទុក្ខយ៉ាងណាដែរ ?
– មានអី! សុខសប្បាយទេ តែសុខភាពអញរាងយ៉ាប់បន្តិច ព្រោះលើសជាតិខ្លាញ់ហើយគ្រូពេទ្យឲ្យតមស៊ីសាច់
– អើ ! អ្ហែង ខំស៊ីសាច់ឲ្យមែនទែនទៅ តិចងាប់ចោលប្រពន្ធ កូន ប្រពន្ធយកប្តីទៀត ! (អាចេវ ស៊កបែបកម្លែងដាក់ខ្ញុំ ហើយខ្ញុំឆ្លើយតបទៅវាភ្លាម)
– សម័យនេះ ជាសម័យសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន សម្បូរចំណីអាហារហូបចុក មិនមែនដូចសម័យអាពតបបរមួយចាន ស៊ីគ្នា១០នាក់ឯណា ដូច្នេះខ្លាចអីនឹងស៊ី ?
- អើ! បើឯងពូកែស៊ីអ៊ីចឹង បានទិញអង្ករ អំបឹល ប្រហុក ផ្អក ត្រៀមទុកហើយឬនៅ ? (អាចេវសួរខ្ញុំ ខ្ញុំឆ្លើយថា)
– ម៉ាគ្រាន់តែស៊ីចុកសោះ ចាំបាច់ទិញស្បៀងទុកធ្វើអី បើផ្ទះអញនៅជិតផ្សារស្រាប់ ចង់ស៊ីអីកាន់តែលុយឲ្យចិនទៅជាការស្រេចទៅហើយ ។
– យី ! អាជាល ម៉េចឯងនិយាយអីចឹង ? គេកំពុងភ័យគ្រប់គ្នា ថានៅថ្ងៃ៩ វិច្ឆិកា ខាងមុខនេះប្រទេសជាតិយើងនឹងមានសង្រ្គាមស៊ីវិលកើតឡើងវឹកវរខ្លាំងណាស់ ម៉េចឯងមិនត្រៀមស្បៀងទុកនឹងគេ ? ឯងដឹងទេថា ថ្ងៃហ្នឹង អតិតមេបក្សប្រឆាំង សម រង្ស៊ី នឹងវិលចូលស្រុកនោះអី ?
ភ្ញាក់ដូចគេចោល កាលបើឮអាចេវសួរខ្ញុំបែបនេះ ។ ខ្ញុំហួសចិត្តពេកក៏សួរទៅអាចេវ វិញថា ម៉េចឯងឆាប់ត្រចៀក សម្ល៉េះ សម រង្ស៊ី ឯណាហ៊ានចូលស្រុកចិត្តស្លុយមកជាប់គុកដូចលោក កឹម សុខា ? ឯងធ្លាប់ដឹងហើយតើ លោកប្រធានម្នាក់នេះធ្លាប់បាននិយាយថា គាត់មិនហ៊ានចូលស្រុកឲ្យសម្តេច ហ៊ុន សែន ចាប់ដាក់គុកងាយៗនោះទេ ។ការឃោសនាថា ចូលស្រុកថ្ងៃទី៩ វិច្ឆិកានេះ គឺជាការធ្វើប្រជាភិថុតិបោកប្រាស់អ្នកគាំទ្ររបស់គាត់កុំឲ្យបាក់ទឹកចិត្ត ជាពិសេសចង់បំភ័ន្តភ្នែកអន្តរជាតិដើម្បីបានជំនួយបន្តដង្ហើមរស់របស់ពួកគាត់ប៉ុណ្ណោះ ។ លោកប្រធានឯណាចិត្តស្លុយ ដូចលោក កឹម សុខា ?
ខ្ញុំបន្តប្រាប់វាទៀតថា អារឿងផ្អើលទិញអង្ករ អំបឹល ប្រហុក ផ្អក ត្រៀមទុក ខ្លាចមានភាពអសន្តិសុខកើតមានក្នុងប្រទេសនោះវាហួសសម័យទៅហើយ ប្រយ័ត្នចាញ់បោកចិន ដូចសម័យ លន់ នល់ ពេលមានភាពវឹកវរ ចិនញញឹមខ្ជឹប សប្បាយនឹងឡើងថ្លៃទំនិញស្រេចនឹងចិត្ត។ ឯងត្រូវដឹងថាប្រទេសជាតិកំពុងសម្បូរសប្បាយ ហើយអ្នកបរទេសមកបណ្តាក់ទុនរកស៊ីនិងវិនិយោគលុយវាល់លានដុល្លារ គេមិនបារម្ភថាកម្ពុជាកើតកលយុគផង មកភ័យអីគ្រាន់តែឮថាលោកប្រធានចូលស្រុក ? វាមិនខ្មេះទេព្រុសឲ្យតែឮសំឡេងនឹងឯង ៕ នាយជាល