ខេត្តកំពង់ស្ពឺ៖ ប្រហែលជាមានការត្រូវរ៉ូវគ្នាអស់ហើយមើលទៅ ទើបបានជារណ្តៅដីអត់ច្បាប់មួយកន្លែង បានបើកដំណើរការកាយយកអាចម៍ដីបានយ៉ាងរលូន ដោយគ្មានការរំខានពីជំនាញឡើយ ហើយការកាយអាចម៍ដីវិញគឺធ្វើឡើងរាល់តែម្ដង ដោយមានមន្ត្រីការិយាល័យស្រុកសំរោងទង ដីមន្ទីរធនធានរ៉ែមួយរូប ជាអ្នកកាងពីក្រោយ និងរត់ការក្រោមតុអោយ ។
បើតាមប្រភពបានអោយដឹងថា រណ្តៅដីអត់ច្បាប់នោះ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ម្ចាស់រណ្តៅនោះមិនត្រូវបានស្គាល់ឈ្មោះឡើយ គឺគេស្គាល់តែមន្ត្រីរ៉ែមួយរូបឈ្មោះ មិញ ថៃ ជាអ្នកកាងរណ្តៅនេះ ព្រោះរណ្តៅនេះមិនទាន់មានច្បាប់អនុញ្ញាតក្នុងការកាយឡើយ ។
ប្រភពបន្តថា លោក មិញ ថៃ ជាអ្នកចេញមុខធានាអះអាង ទើបឈ្មួញហ៊ានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដឹកតាមរចយន្តយីឌុបទាំងឡានៗយកទៅលក់តាមអំពើចិត្ត ដោយមិនខ្វល់ពីការបង់សួយសារដល់រដ្ឋឡើយ ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុនគេឃើញមន្ត្រីខាងមន្ទីររ៉ែមួយក្រុមចុះទៅផ្អាកសមត្ថភាពកាយដីល្មើសច្បាប់នេះដែរ តែនៅពេលដែលមន្ត្រីចេញផុតទៅវិញអស់ទៅ ស្រាប់តែឈ្មួញបានយកគ្រឿងចក្រមកកាយដីហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ។
ប្រភពបន្តថា ការដែលឈ្មួញហ៊ានយកគ្រឿងចក្រមកកាយដីដោយគ្មានច្បាប់បែបនេះ ដោយសារតែថៅកែដីមានសម្ព័ន្ឋភាពជិតស្និទ្ធ ជាមួយលោក មិញថៃ ប្រធានការិយាល័យធនធានរ៉ែ ស្រុកសំរោងទង ជាអ្នកកាងអោយ ទើបឈ្មួញហ៊ានប្រព្រឹត្តល្មើសបែបនេះ ។
ប្រភពបង្ហើបថា លោក មិញ ថៃ ជាអ្នកធានារត់ការក្រោមតុជាមួយជំនាញគ្នាគាត់ និងស្ថាប័នផ្សេងៗ បើគេចុះទៅពិនិត្យគឺគាត់ជាអ្នករាយការណ៍អោយផ្អាកសកម្មភាព ចាំគេចេញផុតទៅវិញ ចាំបន្តសកម្មភាណកាយឡើងវិញ ។ ក្នុងនោះផងដែរ លោក មិញថៃ ធានាអះអាងជាមួយឈ្មួញថា គាត់ហ៊ានអោយឈ្មួញបានដំណើរការដោយពុំចាំបាច់ជំនាញរបស់មន្ទីរចុះមកពិនិត្យនោះទេ គឺចាំតែយកលាភសក្ការទៅជូនគេទៅបានហើយ ។
ពាក់ព័ន្ឋករណីនេះ មន្ត្រីនៃមន្ទីរ រ៉ែមួយរូបបានបញ្ជាក់ប្រាប់ថា បើរឿងនេះពិតដូចការលើកឡើងមែន មន្ត្រីរូបនោះ ប្រាកដជាមានកំហុសត្រូវធ្វើតាមវិន័យរដ្ឋបាល ។ កន្លងមកក្រុមការងារមន្ទីរធ្លាប់បានចុះទៅផ្អាកសកម្មភាពកាយដីនេះដែរ ដោយធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងត្រូវសុំច្បាប់អនុញ្ញាតអោយត្រឹមត្រូវទើបអាចដំណើរការបាន ។
ភ្នាក់ងារយកព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក មិញ ថៃ បានឡើយពាក់ព័ន្ឋករណីលោករងការរិះគន់ថា ទៅកាងអោយការកាយដីនៅស្រុកគងពិសីនេះ ។
បើសិនជាករណីនេះ កើតមានដូចសេចក្តីរាយការណ៍មែនលោក ប៊ិញ ជីវតុង ប្រធានមន្ទីរធនធានរ៉ែខេត្តកំពង់ស្ពឺ គួរពិនិត្យមើលផង ជាពិសេសសកម្មភាពកាងរណ្តៅដីអត់ច្បាប់របស់លោកមិញថៃនេះតែម្តង ៕ សេនាស័ក្តិ