ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសន្តិសុខលុយចាយមិនគ្រាន់ ដើរឆ្កឹះសោបន្ទប់លួចទ្រព្យសម្បត្តិ ត្រូវគេចាប់ខ្លួនបានម្នាក់ រត់គេចម្នាក់

ចែករំលែក៖

ភ្នំពេញៈ  ជនសង្ស័យជំនាញឆ្កឹះសោបន្ទប់ម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល លួចបានទ្រព្យសម្បត្តិ ទូរស័ព្ទ បានសម្រេច គាប់ជួនជួបវាសនាអាក្រក់ ម្ចាស់មកទាន់រួមជាមួយបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ២២ ជាន់ទី២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ឈ្មោះ សារី សារាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់ខាងលើ មានស្រុកកំណើតភូមិពោធិរាមា ឃុំព្រៃកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកម្ចាស់បន្ទប់ជួលមានឈ្មោះ ភិន ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រវេនយប់ មានប្រពន្ធឈ្មោះ ជា សាមុីន អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល២២ កន្លែងកើតហេតុ មានស្រុកកំណើតភូមិត្រពាំងរំពាក់ ឃុំ កំពង់ត្រាច ស្រុក រមាសហែក ខេត្ត ស្វាយរៀង ។ សម្ភារៈ ទ្រព្យសម្បត្តិ ជនសង្ស័យលួចយកបាន ទូរស័ព្ទ២គ្រឿង ហើយដកហូតបានដែកឆ្កឹះសោចុងស្រួច២ដើម និងកូនសោមួយដើម ជារបស់ជនសង្ស័យ សម្រាប់យកធ្វើសកម្មភាព ។

តាមសម្តីម្ចាស់បន្ទប់រងគ្រោះបាន្យដឹងថា ខណៈដែលគាត់ឡើងទៅជាន់លើ ដើម្បីហាលខោអាវ ប្រពន្ធទៅធ្វើការបាត់ បន្ទប់ចាក់សោត្រឹមត្រូវ លុះចុះមកបន្ទប់វិញ ស្រាប់តែឃើញជនសង្ស័យឆ្កឹះសោបន្ទប់ចូលរើកកាយលួចយកទូរស័ព្ទបានសម្រេចហើយ ផ្អើលឆោឡោ ចោរម្នាក់នៅក្រៅបានរត់គេចទៅបាត់ នៅសល់ជនសង្ស័យម្នាក់នាំគ្នាចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យវិញបានឲ្យដឹងថា អត់លុយត្រៀមសម្រាប់បុណ្យអ៊ុំទូក បបួលនាំគ្នាដើរឆ្កឹះសោបន្ទប់បំណងលួចទ្រព្យសម្បត្តិ គាប់ជួនម្ចាស់មកទាន់ចាប់ខ្លួនតែម្តង ។

ជនសង្ស័យចាប់ខ្លួនបាន សមត្ថកិច្ចនាំយកទៅរួមជាមួយវត្ថុតាង ទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុសុខាសែនជ័យ


ចែករំលែក៖