ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន Vietjet ម្នាក់ទទួលបានពានរង្វាន់ «APAC CEO of The Year»

ចែករំលែក៖

លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលពានរង្វាន់ «នាយកប្រតិបត្តិឆ្នើមបំផុតប្រចាំឆ្នាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC CEO of The Year) ក្នុងកម្មវិធី Aviation 100 Awards ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៥ ខែច្ឆិកា ឆ្នាំ២០១៩។

ក្នុងនាមជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងពិភពលោក ក្នុងវិស័យអាកាសចរណ៍ ពានរង្វាន់ Aviation 100 Awards នេះ គឺជាការទទួលស្គាល់លើប្រតិបត្តិករដ៏លេចធ្លោបំផុតប្រចាំឆ្នាំ ក្នុងឧស្សាហកម្មអាកាសចរណ៍របស់ពិភពលោក។ ពានរង្វាន់ «នាកយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឬ APAC CEO of The Year នេះ ត្រូវបានប្រគល់ទៅឲ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietjet សម្រាប់ភាពជោគជ័យរបស់លោកស្រីក្នុងនាមជាមេដឹកនាំរបស់ Vietjet និងដោយសារតែការចូលរួមជាចំណែកដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត។

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ក៏ទទួលបានពានរង្វាន់ «សហគ្រាសដ៏ល្អបំផុត (Best Enterprise)» ផងដែរ ក្នុងវិស័យអាកាចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងព្រឹត្តិការណ៍ ASEAN Business Awards Gala Night ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពានរង្វាន់ ASEAN Business Awards បានទទួលស្គាល់ពីការចូលរួមជាចំណែករបស់ Vietjet ក្នុងការផ្សារភ្ជាប់អាជីវកម្មរបស់អាស៊ាន និងនាំយកទំនាក់ទំនងយ៉ាងទូលំទូលាយទៅកាន់តំបន់នេះ។ ពានរង្វាន់នេះ ក៏បានបង្ហាញពីប្រតិបត្តិការយ៉ាងលេចធ្លោរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះផងដែរ។ ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជាស្ត្រីក្នុងឧស្សាហកម្មអាកាសចរណ៍ជាសកល លោកស្រី Thao ទទួលបានពានរង្វាន់កិត្តិយសជាច្រើន បើគិតចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចាប់ផ្តើមការហោះហើរជាលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០១១។

កាលពីខែកញ្ញា ឆ្នាំ២០១៩ ទស្សនាវដ្តី Forbes បានប្រកាសថា លោកស្រីបានស្ថិតក្នុងចំណោមពាណិជ្ជករជាស្ត្រីដ៏មានអំណាចបំផុតប្រចាំតំបន់អាស៊ី។ លោកស្រីក៏បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៤៤ ក្នុងបញ្ជីឈ្មោះស្ត្រីដ៏មានអំណាចបំផុតទាំង១០០របស់ពិភពលោកផងដែរ នៅលើទស្សវដ្តី Forbes កាលពីឆ្នាំ២០១៨ ដែលជាកើនដល់ទៅ១១ចំណាត់ថ្នាក់ បើធៀបទៅនឹងឆ្នាំ២០១៧។ លោកស្រី Thao ក៏បានជាប់ឈ្មោះក្នុងបញ្ជី Bloomberg 50 ឆ្នាំ២០១៨ ផងដែរ ដែលជាពានកិត្តិយសសម្រាប់កំពូលអ្នកចាំប្រឌិតទាំង៥០ ដែលបានផ្លាស់ប្តូរទិដ្ឋភាពអាជីវកម្មជាសកលក្នុងឆ្នាំនីមួយៗ៕ វឌ្ឍនា


ចែករំលែក៖