ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ ជាង៥១គីឡូម៉ែត្រលើទឹកប្រាក់ជាង៨៥លានដុល្លារ ត្រូវក្រុមហ៊ុនម៉ៅការបន្តរត់ចោល ទុកផ្លូវអោយនៅមេម៉ាយហើយ.!

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ មិនត្រឹមគ្មានគុណភាព ស្តង់ដារបច្ចេកទេសប៉ុណ្ណោះទេ ថ្មីៗនេះក៏បែកធ្លាយថាមានក្រុមហ៊ុនម៉ៅការបន្ត បង្ខំចិត្តបោះបង់ការសាងសង់ទុកផ្លូវអោយនៅមេម៉ាយជាបណ្តើរៗហើយ ខណៈក្រុមហ៊ុនម៉ៅការបន្តបានតំលៃទាបពេក សាងសង់មិនចំណេញ។
ប្រភពគួរអោយជឿទុកចិត្តបានបង្ហើបថា៖ ក្រុមហ៊ុន ហេង សម្បត្តិ ដែលម៉ៅការបន្តពីក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ បានបោះបង់ការងាររបស់ខ្លួនចោលហើយ ដូច្នេះគួរណាស់ខាងជំនាញ ឬក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តាជួយពិនិត្យពីលទ្ធភាព និងសមត្ថភាពក្រុមហ៊ុន ហាន់សុីង(HanShin)នេះផង។ ជាក់ស្តែងនៃភាពមិនប្រក្រតីខ្លះ ទី១-ក្រុមហ៊ុន ហេង សម្បត្តិ ម៉ៅការបន្តបានរត់ចោល ស្មើនិងបោះបង់ការសាងសង់ ខណៈក្រុមហ៊ុន ហាន់សុីង(HanShin) ម៉ៅការបន្តអោយក្រុមហ៊ុនចំនួន២ គឺនៅឡើយតែក្រុមហ៊ុន ដូនពេញ១ប៉ុណ្ណោះកំពុងសាងសង់ ដែលគេរំពឹងថា ក្រុមហ៊ុន ដូនពេញ យូរឬឆាប់អាចនឹងបោះបង់រត់ចោលដូចក្រុមហ៊ុន ហេង សម្បត្តិ នេះដែរក៏អាចថាបាន។ ទី២-ក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃផ្លូវជាតិលេខ២ បានជិត១ឆ្នាំទៅហើយ ហេតុអីមិនទាន់ដំណើរសាងសង់អនុវត្តតាមគម្រោង.? ករណីផ្លូវជាតិលេខ២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចង់បានអោយសាងសង់ដ៏ប្រញ៉ាប់បំផុត ដើម្បីជាកាដូជូនប្រជាពលរដ្ឋ សម្រាប់ចរាចរណ៍ធ្វើដំណើរបានដោយងាយស្រួល ទី៣-តើត្រូវអោយក្រុមហ៊ុន ហាន់សុីង(HanShin) ចូលដេញថ្លៃទៀតដែរទេ បើធ្វើគ្មានគុណភាព តាមស្តង់ដារបច្ចេកទេស ពិសេសរាល់ការដេញថ្លៃមានទម្លាប់ទំលាក់តំលៃថោក និងដេញបានក៏ម៉ៅការបន្តអោយក្រុមហ៊ុនផ្សេងៗក្នុងតំលៃទាប ពួកគេសាងសង់ធ្វើមិនចំណេញក៏រត់ចោល និងភាគច្រើននូវកង្វៈខាតគ្រឿងចក្រជាដើម។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) បានដេញថ្លៃបានសាងសង់ផ្លូវជាតិ៥ ក្នុងចម្ងាយប្រមាណជាង៥១គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំង មកដល់ម្តុំចំណុចធ្លារម្អម ទឹកដីខេត្តពោធិសាត់ តែបច្ចុប្បន្ន ក្រុមហ៊ុន២ ដែលក្រុមហ៊ុនហាន់សុីង(HanShin) ម៉ៅការបន្តអោយសាងសង់គឺ ១-ក្រុមហ៊ុន ហេង សម្បត្តិ, ២-ក្រុមហ៊ុន ដូនពេញ។ តែក្រុមហ៊ុន ហេង សម្បត្តិ រត់ចោលហើយ ទើបការស្ថាបនាសាងសង់ផ្លូវជាតិលេខ៥នេះ ដំណើរការរអាក់រអួល យឺតដូចអណ្តើតវារ។
សូមរម្លឹកថា៖ គេធ្លាប់ដឹងរួចមកហើយថាក្រុមហ៊ុន ហាន់សុីង(HanShin)ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ពាក់ព័ន្ធនិងការដេញថ្លៃសាងសង់ផ្លូវជាតិ២១ ស្ថាបនាគ្មានគុណភាព ដែលលោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មិនអាចទទួលយកបាននូវពីការធ្វើគ្មានស្តង់គុណភាព កាលពីដើមឆ្នាំ២០១៩។ នេះបើតាមការបង្ហើបអោយដឹងពីមន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនចំពោះការស្ថាបនាសាងសង់ផ្លូវជាតិ២១ ពីក្រុងតាខ្មៅទៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ព្រំដែនកម្ពុជា-វៀតណាម។
ខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនទាន់យល់ព្រមយកសំណង់នេះផង ដល់ឥឡូវមានរឿងថ្មីបន្តកើតឡើង ខណៈផ្លូវមិនទាន់សាងសង់រួចផង បែរជាខូចបណ្តើរៗ ជាគំហុកធំៗ ស្រុត ប្រេះ ស្រាំ ថែទាំជួសជុលឡើងវិញ ដោយសារធ្វើគ្មានគុណភាព គ្មានស្តង់ដារ ពិសេសក្រុមហ៊ុន DA SAN ដែលជាក្រុមហ៊ុនពិនិត្យគុណភាព បច្ចេកទេស ហាក់មានអំពើឃុបឃិតគ្នាណាមួយ វាយតំលៃទទួលយកគុណភាពក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ២១ ពីតាខ្មៅ-ជ្រៃធំ ដែលធ្វើមិនទាន់រួចរាល់ផង ក៏ខូចជាបណ្តើរៗទៅហើយ ចំណុចនេះបង្ហាញអោយឃើញថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ជាអ្នកសាងសង់ ត្រូវគ្នាជាមួយក្រមហ៊ុន DA SAN ខាងផ្នែកគុណភាព ស្តង់ដារបច្ចេកទេសយ៉ាងពិតប្រាកដ។ ម្យ៉ាងទៀតការសម្រេចចិត្តដោយការទទួលខុសត្រូវខ្ពស់ពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មិនទទួលយកគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២១ ដោយក្រុមហ៊ុន ហាន់សុីង(HanShin) គឺលោកលើកតំកល់ផលប្រយោជន៍ជាតិជាធំ ពីព្រោះថាការសាងសង់នេះជាប្រាក់កម្ចីរដ្ឋាភិបាលកូរ៉េមែន តែរដ្ឋាភិបាលកម្ពុជាជាអ្នកសង ដូច្នេះការសម្រេចចិត្តដ៏ត្រឹមត្រូវពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល គឺតំណាងអោយមុខមាត់ប្រទេសជាតិក្នុងនាមជាថ្នាក់ដឹកនាំក្រសួងជំនាញ និងជាសេនាធិការអោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមាំនេះ។
សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ២១ ក្នុងស្រុកកោះធំ បានខូចបណ្តើរៗ ខណៈក្រុមហ៊ុននេះមិនទាន់ស្ថាបនារួចរាល់ផងនោះ គឺខូចចាប់ពីកោះខែល ដល់កោះទាវ ដែលគេដឹងថាក្រុមហ៊ុន ហាន់សុីង(HanShin)បានម៉ៅការបន្តអោយក្រុមហ៊ុន អ៊ុត ធី សាងសង់ក្នុងចំងាយប្រវែង១៨០០ម៉ែត្រ ទទឹង១២ម៉ែត្រ និងរៀបការ៉ូឡាសង្ខាង២ម៉ែត្រ ធ្វើគ្មានគុណភាព ខ្វះបច្ចេកទេស(កេងចំណេញបច្ចេកទេស) សូម្បីតែប្រជាពលរដ្ឋក៏លើកឡើងថា ក្រុមហ៊ុនកូរ៉េលំដាប់អន្តរជាតិទៅហើយ ហេតុអីធ្វើផ្លូវជាតិមិនមាំ ធ្វើបណ្តើរខូចបន្ត ធ្វើជាប់រហូតយ៉ាងនេះ…(Sic)….។
ពាក់ព័ន្ធក្រុមហ៊ុន ហាន់សុីង(HanShin) របស់កូរ៉េនេះ មានភាពមិនប្រក្រតីជាច្រើន ជាកំហុសដែលមិនអាចទទួលយកក្រុមហ៊ុននេះដេញថ្លៃ ឬម៉ៅការសាងសង់ផ្លូវជាតិនៅកម្ពុជា ថ្មីៗនេះក៏បែកធ្លាយថាក្រុមហ៊ុន ហាន់សុីង(HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បែជាដេញថ្លៃគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារឯណោះ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ បានទៅលើក្រុមហ៊ុន ហាន់សុីង(HanShin) ខណៈក្រុមហ៊ុននេះជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ករណីស្ថាបនាធ្វើផ្លូវគ្មានគុណភាព និងកេងចំណេញបច្ចេកទេស ងាយនិងស្រុះ ប្រេះ ផុង ខូចដោយគង្ហុក មានជាសំបុកមាន់ជាដើមធ្លាប់បានបន្សល់ទុកនូវការខូចរបៀបនេះ។
ជាក់ស្តែងកន្លងទៅក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថាបនាផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅ ព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ធ្វើមិនរួចរាល់ផង ក៏ខូចគ្មានគុណភាព រងនូវការរិះគន់ពីប្រជាជន និងមានគង្ហុក សំបុកមាន់ បណ្តាលអោយប្រជាជនបើកបរ ម៉ូតូ ឡានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ ឈានដល់ទទួលស្គាល់ថា ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព ចាត់ទុកក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ហាន់សុីង(HanShin) បានធ្វើអោយបាក់មុខតាំងពីមុនធ្វើជាតិលេខ២១ ដូចជាគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពម្តងរួចមកហើយ។
ករណីកំណាត់ផ្លូវជាតិលេខ៣ បើតាមការបញ្ជាក់អោយដឹងពីមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺរាជរដ្ឋាភិបាល បានសម្រេចអោយក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ ខណះក្រុមហ៊ុន ហាន់សុីង(HanShin)ធ្វើដោយគ្មានគុណភាព និងខូចដោយកន្លែងៗនោះ។
គេបានទម្លាយថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ក៏គ្មានគ្រឿងចក្រសម្រាប់ដំណើរការស្ថាបនាផ្លូវដោយខ្លួនឯងដែរ គឺត្រូវជួលគ្រឿងចក្រ និងរថយន្តពីក្រុមហ៊ុនផ្សេងៗស្ទើរទាំងស្រុង។ ដូច្នេះចង្វាក់ដំណើរសាងសង់របស់ក្រុមហ៊ុននៅមានកម្រិត នេះមិនទាន់គិតដល់បញ្ហាធ្វើគ្មានគុណភាព កេងចំណេញបច្ចេកទេស និងបន្សល់ទុកនូវភាពអសោចន៍ឈ្មោះ ស្ថាបនាផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ៣ គ្មានគុណភាព ស្ថិតក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូននោះផង។
ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា៖ ករណីក្រុមហ៊ុន ហាន់សុីង(HanShin)ដេញថ្លៃបានគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ (កំពង់ឆ្នាំង-ធ្លាម្អម)គឺដោយសារក្រុមហ៊ុនហ៊ានទម្លាក់ថ្លៃទាបបំផុត ដែលទឹកប្រាក់នេះមិនអាចមានតុល្យភាពទៅនិងគម្រោងស្ថាបនា ដូច្នេះក្រុមហ៊ុន ហាន់សុីង(HanShin) ត្រូវតែបង្ខំចិត្តកេងចំណេញបច្ចេកទេស ទាញយកផលចំណេញ និងធ្វើអោយការស្ថាបនានឹងគ្មានគុណភាព។
គួរំលឹកថា៖ គម្រោងJICA និមួយៗរបស់រដ្ឋាភិបាលប្រទេសជប៉ុន គឺមានលក្ខណះច្បាស់លាស់ តែងចាប់យកក្រុមហ៊ុនដៃគូសាងសង់មានលក្ខណះស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាពសំណង់ ហើយកន្លងទៅ គេតែងស្វែងយល់ជំនួយស្ពានថ្នល់របស់ជប៉ុននៅកម្ពុជា..គឺគម្រោងត្រូវធ្វើឡើងដោយ៖ ១-ដេញថ្លៃសាងសង់នៅជប៉ុន។ ២-ជប៉ុនកាន់លុយខ្លួនឯង។
៣-ក្រុមហ៊ុនដែលដេញថ្លៃសាងសង់ ត្រូវតែជាក្រុមហ៊ុនជប៉ុន។ ៤-នាយករដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់កម្ពុជា គ្រាន់តែទៅបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ប៉ុណ្ណោះ។ និយាយរួមជំនួយរបស់ជប៉ុន មិនអាចនិយាយដោយចោទប្រកាន់ខ្មែរថា «ចាក់ក្រាស់ស៊ីស្តើង»បានឡើយ។
ប៉ុន្តែមួយរយះនេះស្ពានថ្នល់របស់ជប៉ុននៅកម្ពុជានៃគម្រោងJICA ក៏ចាប់យកក្រុមហ៊ុនសំណង់ធំៗ ខ្នាតអន្តរជាតិរបស់ប្រទេសកម្ពុជា ធ្វើជាដៃគូដេញថ្លៃយកគម្រោងទៅធ្វើផងដែរ។ ប៉ុន្តែចំពោះក្រុមហ៊ុន ហាន់សុីង(HanShin) មិនអាចជាដៃនៃគម្រោងJICAបានទេ ខណៈក្រុមហ៊ុនហាន់សុីង(HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តាមរយៈការស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពមុនដំបូងមកហើយនោះ។ រហូតដល់រាជរដ្ឋាភិបាល បានសម្រេចអោយក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ។
ប្រសិនបើខាងគម្រោងJICAមិនបានសិក្សាសុីជម្រៅពីលក្ខណះសម្បត្តិបច្ចេកទេសក្រុមហ៊ុន ហាន់សុីង(HanShin)នោះទេ គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ដែលក្រុមហ៊ុន ហាន់សុីង(HanShin)ដេញថ្លៃបាននឹងប្រឈម គ្មានគុណភាព។ ក្នុងនោះក្រុមហ៊ុន ហាន់សុីង(HanShin)អាចនឹងធ្វើអោយខូចគម្រោងដែលជាថវិការដ្ឋាភិបាលជប៉ុន និងប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ។
ប្រជាពលរដ្ឋសំណូមពរ អោយខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាពិសេសJICAត្រួតពិនិត្យឡើងវិញលើគម្រោងដេញថ្លៃក្រុមហ៊ុន ហាន់សុីង(HanShin)នេះ ប្រយោជន៍ការពារអោយគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ មានគុណភាពល្អ លក្ខណះស្តង់ដារ ឬតាមរយះការដកកញ្ចប់ថវិកាគម្រោងរបស់ក្រុមហ៊ុន ហាន់សុីង(HanShin)យកមកដេញថ្លៃឡើងវិញ ខណះមិនទាន់ហួសពេលនៅឡើយទេ។
គេកំពុងមានចំងល់ថា៖ ដឹងហើយ ឮហើយក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ២១ ធ្វើគ្មានគុណភាព ផ្លូវជាតិ៣ កំពុងធ្វើ រដ្ឋាភិបាលដកអោយក្រុមហ៊ុនចិនធ្វើវិញ ហើយដេញថ្លៃផ្លូវជាតិលេខ៥ (កំពង់ឆ្នាំង-ធ្លាម្អម)មិនមានគ្រឿងចក្រគ្រប់គ្រាន់ ។ ដល់ថ្មីៗនេះបែរជាដេញថ្លៃបានសាងសង់ផ្លូវជាតិលេខ២ទៀត។ ផ្ទុយទៅវិញដេញបានជិត១ឆ្នាំទៅហើយ នៅមិនទាន់ដំណើរការអនុវត្តតាមគម្រោងនៅឡើយ។
ក្នុងករណីក្រុមហ៊ុន ហាន់សុីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ ឈានដល់ក្រុមហ៊ុន ហេង សម្បត្តិ ម៉ៅការបន្តបោះបង់ការងារចោល រត់បាត់ និងនៅសល់តែក្រុមហ៊ុន ដូនពេញ មួយប៉ុណ្ណោះ អាចទុកផ្លូវជាតិ៥ អោយនៅមេម៉ាយ គឺខាងអង្គភាព(នគរវត្ត)មិនអាចទាក់ទងសុំការបំភ្លឺ និងបកស្រាយបានទេពីតំណាងក្រុមហ៊ុន និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖